Tuesday, June 11, 2013

រូប​មន្ត ស្លាប់​ រស់​ របស់​ Einstein


នៅ​ឆ្នាំ 1939 មុន​នឹង​ចូល​ដល់​សង្រ្គាម​លោក​លើក​ទី២
Einstein បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើទៅ​កាន់​ប្រធានាធិបតី Franklin Roosevelt នៃ​សហរដ្ឋ​អាមេរិក ប្រាប់​អំពី​លទ្ធភាព​ដែល​អាច​ទៅ​រួច​នៃ គ្រាប់​បែក​មហាប្រល័យ​ដែល​មនុស្ស​ជាតិ​ មិន​ដែល​ឃើញ​ពី​មុន​មក។ វា​គឺ​ជា​បច្ចេកវិទ្យា​ដែល​កើត​ចេញ​ពី​រូបមន្ត​ E=MC2 របស់​លោក​ផ្ទាល់។ Einstein ខ្លាច​គ្រាប់​បែក​នេះ​ធ្លាក់​ទៅ​លើ​ដៃ​របស់​ពួក​ហ្វាស៊ីស។ សំបុត្រ​នេះ​ហើយ​ដែល​ធ្វើ​អោយ​មាន​ការ​ទំលាក់​គ្រាប់​បែក​ នៅ​ហ៊ីរ៉ូស៊ីម៉ា សំលាប់​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់។ ក្រោយ​មក​ បានពណ៌នា​ថា​​ លិខិត​មួយ​នេះ​គឺ​ជា​កំហុស​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត​របស់​លោក។



មនុស្ស​គ្រប់​គ្នា​សុទ្ធ តែ​ស្គាល់​ច្បាស់​ថា​ ព្រះអាទិត្យ​នៅឯណា។ ព្រះអាទិត្យ​ គឺ​ជា​ផ្កាយ​មួយ​ដែល​កំពុង​ឆេះ​យ៉ាង​ខ្លាំង ហើយ​វា​បាន​ឆេះ​បែប​នេះ​អស់រយះពេល​ រាប់​លាន​ឆ្នាំ​មក​ហើយ។ តើ​អ្វី​ជា​ឥន្ទនៈដែល​ធ្វើ​អោយ​ព្រះអាទិ្យ​ឆេះ​បាន​ដល់​ទៅ​រាប់​លាន​ឆ្នាំ​មក​នេះ? នេះ​គឺ​ជា​សំនួរ​ពិបាក​មួយ ដែល​អ្នក​វិទ្យាសាស្រ្ត​ពី​បុរាណ​ ឆ្លើយ​មិន​បាន។ តែ​អ្វី​ដែល​ច្បាស់លាស់​នោះ​គឺ ព្រះអាទិត្យ​ ត្រូវ​ការ​ប្រភព​ថាមពល…ប្រភព​ថាមពល​ដ៏​មហិមា​ ដើម្បី​ទ្រទ្រង់​ព្រះ​អាទិត្យ​អោយ​ឆេះ​បាន​យូរ​ដូច្នេះ។ អ្នក​វិទ្យាសាស្រ្ត​បុរាណ គិតថា​ បើសិន​ព្រះ​អាទិត្យ​ប្រើប្រាស់​ឥន្ទនៈ ដើម្បី​ដុត​អោយ​ឆេះ ដូច​របៀប​ដែល​យើង​ប្រើ​ប្រេង​កាត​ ដើម្បី​ដុត​អោយ​ចង្កៀង​ភ្លឺ នោះ​ព្រះអាទិត្យ​ប្រាកដ​ជា​ប្រើ​ប្រាស់​ឥន្ទនៈ​ទាំង​នោះ​អស់​យ៉ាង​ឆាប់​ ហើយ​រលត់​អស់​រាប់​លាន​ឆ្នាំ​មក​ហើយ។ តែ​ក្រោយ​មក​ មាន​រូប​វិទូ​អាឡឺម៉ង់​ម្នាក់ អាច​ពន្យល់​ពី ប្រភព​ថាមពល​​មហិមា​នេះ។
Albert Einstein
លោក អាល់​ប៊ើដ អេន​ស៍តាញ (Albert Einstein) គឺ​​ជា​រូប​វិទូ​ទ្រឹស្តី​និយម​ ដែល​មាន​សញ្ជាតិ​អាឡឺម៉ង់​ ដ៏​ល្បី​ល្បាញ​ម្នាក់​​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ។ គាត់​គឺ​ជា​បុគ្គល​ម្នាក់​ដែល​បាន​រក​ឃើញ រូបមន្ត​ ដែល​បង្ហាញ​ពី ទំនាក់ទំនង​រវាង​ ថាមពល​ និង ម៉ាស​របស់​រូបធាតុ។ រូប​វិទូ​មុនៗ មិន​ដែល​បាន​គិត​ដល់​រឿង​នេះ​ឡើយ។ សូម្បី​តែ​គិត​​ក៏​ពិបាក​នឹង​ ទាញ​ទំនាក់ទំនង​រវាង​ ថាមពល និង​ ម៉ាស​ ដែរ។ វា​ហាក់​ដូច​ជា​យើង​ ពន្យល់​ពី​ទំនាក់​ទំនង​រវាង​វត្ថុ​ពីរ ដែល​មិន​ទំនងជា​មាន ​ទំនាក់​ទំនង​គ្នា​ទាល់​តែ​សោះ ឧទាហរណ៍​ ទំនាក់​ទំនង​រវាង​ ល្បឿន​របស់​រថយន្ត​ និង​ ចំនួន​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ អញ្ចឹង។
ផ្ទុយ​ទៅ​វិញ​ លោក Albert Einstein បាន​លើក​ពី​រូបមន្តចំលែក​មួយ ដែល​នឹង​ផ្លាស់​ប្ដូរ​ពិភពលោក និង​ រូប​លោក​ផ្ទាល់ ជារៀង​រហូត។ វា​គឺ E=MC2 ដែល E ជា​ថាមពល, Mជា​ម៉ាស, ហើយ C ជា​ល្បឿន​ពន្លឺ ដែល​ស្មើ​នឹង 299 792 458 (ម៉ែត្រ​ក្នុង​មួយ​វិនាទី)។ តាម​រូប​មន្ត​នេះ​ យើង​អាច​យល់​បាន​ថា​ សូម្បី​តែ​ម៉ាស​ដ៏​តិច​តួច​មួយ​ ក៏​អាច​បង្កើត​បាន​ថាមពល​មហិមា​ ដែរ ហើយ​ជាង​នេះទៅ​ទៀត Einstein បាន​ពន្យល់​ថា ម៉ាស​ អាច​ក្លាយ​ជា​ថាពល​ ហើយ​បញ្ច្រាស​មក​វិញ ថាមពល​អាច​ក្លាយ​ជា​ម៉ាស។ នៅ​ក្នុង​ការ​អនុវត្ត​ន៍ រូប​មន្ត​នេះ​មាន​ន័យ​ថា ពេល​ណា​ដែល​គេ​អាច​ធ្វើ​អោយ​ម៉ាស​នៃ អង្គធាតុ​មួយ​បាត់​បង់ នោះ​​ម៉ាស​ដែល​បាត់​នោះ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ថាមពល។​ គេ​​អាច​ធ្វើ​អោយ​ម៉ាស​មួយ​បាត់​បាន​ ដោយ​ប្រើប្រាស់អង្គធាតុ​មួយ​ទៀត​​ទៅ​បំបុក ជាមួយ​អង្គធាតុ​នោះ ដែល​ហៅ​ថា Nuclear Fusion។ យ៉ាង​ណា​ម៉ិញ នៅ​ពេល​អ្នក​កាសែត​សួរ​លោក​អំពី​ភាព​ដែល​អាច​ទៅរួច​ របស់​រូបមន្ត​នេះ នៅ​ក្នុង​ការ​យក​មក​អនុវត្ត​ជាក់​ស្តែង លោក​លើក​ជា​ការ​ប្រៀបធៀប​ថា «វា​ដូច​ជា​អ្នក​បិទ​ភ្នែក​បាញ់​ទា​មួយ​​ក្បាល នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​សត្វ​ទា​តិចតួច​បំផុត»។ លោក​បន្ថែម​ទៀតថា ថាមពល​ដែល​យើង​ត្រូវ​ការ​ដើម្បី​អោយ​ម៉ាស​នៃ​អង្គធាតុ​មួយ​បាត់​បង់​ គឺ​មាន​ចំនួន​ច្រើន​ជាង​ថាមពល​ដែល​យើង​ទទួល​បាន​ទៅទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រទេស​មួយ​ចំនួន​នៅ​ទ្វីបអឺរ៉ុប បាន​ចាប់​ផ្ដើម​ធ្វើការ​ជាមួយ​រូបមន្ត​នេះ​ ដើម្បី​ធ្វើ​អោយ​វា​ក្លាយ​ជា​ប្រយោជន៍​ប្រើប្រាស់​បាន ប៉ុន្តែ​លទ្ធផល​ដែល​ពួក​គេ​ទទួល​បាន​ គឺ​ដូច​លោក​ Einstein បាន​និយាយ​អញ្ចឹង។ វា​មិន​ចំណេញ​ទេ។

ឆ្នាំ​១៩៣៥ ពួក​ហ្វាស៊ីស​បាន​ឡើង​កាន់អំណាច​នៅអាឡឺម៉ង់ ដោយ​មាន​ អាដូល អ៊ីត្លែរ (Adolf Hitler) ជា​អ្នកគ្រប់​គ្រង​ ប្រើប្រាស់​នយោបាយ​ឈ្លាន​ពាន​បរទេស​ និង​ សំលាប់​រង្គាលជាតិ​សាសន៍​ផ្សេង​ទៀត។ លោក​ Einstein ជាមួយ​និង​ រូបវិទូ​មួយ​ចំនួន​ទៀត​ បាន​រត់​គេច​ចេញ​ ពី​ភាព​តក់ស្លុត​ នៃ​របប​ហ្វាស៊ីស ហើយ​ស្វែង​រក​កន្លែង​ស្ងប់ស្ងាត់សុវត្ថិភាព​មួយ​ ដើម្បី​បន្ត​ការងារ​ជា​រូប​វិទូ​ ត​ទៅទៀត។
Albert Einstein & Leó Szilárd

លោក លី​អូ ស៊ីឡាត (Leó Szilárd) ជា​មិត្ត​ភក្តិ​លោក Einstein និង​ជា​រូប​វិទូ​ឆ្នើម​វ័យ​ក្មេង​ម្នាក់ ដែល​កើត​នៅអាឡឺម៉ង់​ ក៏​បាន​រត់គេច​ពី​របប​ហ្វាស៊ីស​ផង​ដែរ។ គាត់​បាន​ឃើញ​ដោយ​ផ្ទាល់ភ្នែ​ ពេល​ដែល​ពួក​ហ្វាស៊ីស​ឡើង​កាន់​អំណាច​ ហើយ​អនុវត្ត​របប​ប្រល័យ​ជន​បរទេស​។ ថ្ងៃ​មួយ​លោក​បាន​ស្កាត់​ទៅ ជួប​លោក​ Einstein នៅ​​ឯ​ផ្ទះ​របស់​គាត់​ ដើម្បី​អោយ​លោក​ជួយ​សរសេរ​សំបុត្រ​មួយ​ជូន​ទៅ ប្រធានាធិបតី​អាមេរិក ព្រោះ​មាន​តែ​រូបវិទូ​ល្បីល្បាញ​ដូច​លោក​ Einstein ទើប​អាច​ធ្វើ​អោយ​លោក​ប្រធានាធិបតី​អាន​សំបុត្រ​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់​បាន។ លោក​ Szilárd បាន​ប្រាប់​លោក Einstein ថា​រូបមន្ត E=MC2 អាច​នឹង​យក​មក​ប្រើប្រាស់ដើម្បី​បង្កើត​គ្រាប់​បែក​មហិមា​ ដែលមនុស្ស​លោក​​មិន​ដែល​បាន​ឃើញ​ពីមុន​មក។ លោក​ប្រាប់​បន្ត​ទៀត​ថា លោក​Einsteinផ្ទាល់​ ប្រាកដ​ជាដឹង​អំពី​ថាមពល​មហិមា​​ ដែល​គ្រាប់​បែក​នេះ​អាច​បង្កើត​បាន។ ពី​ដំបូងលោក​ Einstein បាន​បដិសេធ ដោយ​ពន្យល់​ថា​ ដើម្បី​បាន​ថាមពល​ទាំង​នោះ យើង​ត្រូវ​បំបែក​អង្គធាតុ រាប់​លាន​ក្នុង​ពេល​តែ​មួយ ដែល​វា​មិន​អាច​ទៅ​រួច​ទេ​ ក្នុង​ពិភព​ពិត។ តែ​លោក Szilárd ឆ្លើយ​តប​ទៅ​វិញ​ថា «​ហេតុ​អ្វី​ចាំ​បាច់​ក្នុង​ពេល​តែ​មួយ?» ហើយ​លោក​ប្រាប់​ថា​ លោក​ដឹង​ពី​វិធី​ដែល​ងាយ​ជាង​នេះ  ហើយ​អាច​យក​មក​អនុវត្ត​បាន​ ដើម្បី​បំបែក​អង្គធាតុ​ទាំង​នោះ។

ដើម្បី​បំបែក​អង្គធាតុ​មួយ គេ​ត្រូវ​ការ​អង្គធាតុ​មួយ​ទៀត​ដើម្បី​បាញ់​ទៅ​កាន់​អង្គធាតុ​នោះអោយ​បែក។ អង្គធាតុ​ដែល​ត្រូវ​គេ​បាញ់​បំបែកនោះគួរ​តែ​ជា អ៊ុយរ៉ាញ៉ូម ឬ រ៉ាដ្យ៉ូម ដោយ​សារ​អង្គធាតុ​ទាំង​នោះ មាន​និន្នាការ​ចង់​បំបែក​ពីគ្នា​ រួច​ជាស្រេច។ ពេល​ដែល​វា​បំបែក​ខ្លួន​ វា​បាន​បាត់បង់​ម៉ាស​បន្តិច ហើយ​ម៉ាស​ដែល​បាត់​បង់​នោះ ត្រូវ​បាន​បំឡែង​ជា​ រលក​វិទ្យុ (Radiowave) ហើយ​ដោយសារ​ អង្គធាតុ​ទាំង​នេះ​សកម្មចង់​តែ​បំបែក​ខ្លួន ទើប​គេ​ហៅ​អង្គធាតុ​របៀប​នេះ ថា​ វិទ្យុសកម្ម (Radioactive)។ តែ​ក្នុង​លក្ខខណ្ឌ​ធម្មតា ថាមពល​ទាំង​នោះ​ខ្សោយ​ណាស់ មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន។ ដូច្នេះ​ អ្នកវិទ្យាសាស្រ្តបាន​នឹក​ឃើញ​វិធី​ដើម្បី​បង្កើន​ថាមពល​ទាំង​នេះ។ ដំបូង​ពួក​គេ​ប្រើប្រាស់ ប្រូតុង ដើម្បី​បាញ់បំបែក អ៊ុយរ៉ាញ៉ូម។ លោក Szilárd គិត​ថា​នេះ​ជា​ការ​គិត​ខុស ដែល​ធ្វើ​អោយ​ការ​បាញ់​បំបែក​នេះ​ ត្រូវ​ការ​ថាមពល​បាញ់​ខ្លាំង​ជាង​ ថាមពល​ដែល​ទទួល​បានមក​វិញ។ ប្រូតុង​ គឺ​ជាអង្គធាតុ​ដែល​មាន​បន្ទុក​វិជ្ជមាន​ ហើយ អ៊ុយរ៉ាញ៉ូម ក៏​មាន​បន្ទុក​វិជ្ជមាន​ដូច​គ្នា ដែល​ជា​ហេតុ​ធ្វើ​អោយ​អង្គធាតុ​ទាំង​ពីរ​នេះ រុញ​គ្នា​ចេញ មិន​រត់​រក​គ្នា​ដូច​ដែល​គេ​ចង់​បាន​នោះ​ឡើយ។ លោក Szilárd គិត​ថា​ បើគេ​ប្រើប្រាស់​ Neutron ដែល​ជា​អង្គធាតុ​ដែល​ទើប​រក​ឃើញថ្មី​​នៅ​ពេល​នោះ ជំនួស​វិញ នោះ​គេ​អាច​ទទួល​បាន​លទ្ធផល​មិន​គួរ​អោយ​នឹក​ស្មាន។ ណឺត្រុង មាន​បន្ទុក​អវិជ្ជមាន ដូច្នេះ​ហើយ​ រវាង​ណឺត្រុង​ និង​ អ៊ុយរ៉ាញ៉ូម មិន​រុញ​គ្នា​ចេញ​ទេ ហើយ​ប្រហែល​ជា​រត់រក​គ្នា​ទៀត​ផង។ នៅ​ពេល​ណឺត្រុង​ ភ្ជាប់​ខ្លួន​ជាមួយ​អ៊ុយរ៉ាញ៉ូម វា​ធ្វើ​អោយ​អ៊ុយរ៉ាញ៉ូម​កាន់​តែគ្មាន​ស្ថិរភាព ហើយ​អ៊ុយរ៉ាញ៉ូម​នឹង​បំបែក​ខ្លួន ដោយ​បាត់បង់​ម៉ាស​របស់​វា ដែល​នឹង​បំឡែង​ជា​ថាមពលនៅពេល​នោះ។ មិន​តែ​ប៉ុណ្ណោះ ណឺត្រុង​ នោះ​អាច​ធ្វើ​ ទ្វេគុណ ឬ អាច​ត្រី​គុណ ខ្លួន​វា​ទៀត​ផង។ ដូចនេះ នៅពេល​យើង​បាញ់​ ណឺត្រុង​ មួយ​អោយ​ភ្ជាប់​ជាមួយ​ អ៊ុយរ៉ាញ៉ូម មួយ នាំអោយ អ៊ុយរ៉ាញ៉ូម​នោះ​បំបែក​ខ្លួន​ជា​ពីរ​ ហើយ​បញ្ចេញ​ជា​ថាមពល​ពី ម៉ាស​ដែល​បាត់​បង់​ ហើយ​ក៏​បង្កើត​អោយ​មាន​ណឺត្រុង​ ពីរ​ ឬ​ បី  បន្ថែម​ទៀត ហើយ​ណឺត្រុង​ទាំង​នោះ បន្ត​រត់​ទៅរក​ អ៊ុយរ៉ាញ៉ូម ផ្សេង​ទៀត ហើយ​ប្រតិកម្ម​នេះ​បន្ត​បន្ទាប់​គ្នា​នេះ​បង្កើត​បាន​ជា​ថាមពល​មហិមា។
ណឺត្រុង​ បុក​ អ៊ុយរ៉ាញ៉ុម​ ហើយ​បង្កើត​បាន​ជា​ ណឺត្រុង​បន្ថែម ហើយ​បន្ត​បំបុក​បន្ត​បន្ទាប់


លោក​ Szilárd គិត​ថា​​ បើសិន​ជា​លោក​រក​នឹក​ឃើញ​វិធី​នេះ នោះ​មិត្ត​ភក្តិ​រូបវិទូ​របស់​លោក​នៅ​អាឡឺម៉ង់ ក៏​អាច​រក​នឹក​ឃើញ​វិធី​ដូច​គ្នា​នេះ​ដែរ។ លោក​បាន​ប្រាប់​លោក​ Einstein អោយ​បង្កើត​នូវ​សង្គ្រាម​មន្ទីរពិសោធន៍​មួយ​ ដើម្បី អោយ អាមេរិក រក​ឃើញ​គ្រាប់​បែកអាតូមិក​ មុន​ពួក​ហ្វាស៊ីស។ លោក​ក៏​បាន​ប្រាប់​ពី ពត៌មាន​អំពី​អ្នក​វិទ្យាសាស្រ្តនៅអាឡឺម៉ង់ បាន​រក​ឃើញ​ថា​ អ៊ុយរ៉ាញ៉ូម​បែក​ជា​ពីរ​ ពេល​ដែ​ល​ត្រូវ​បាន​បំបែក​ដោយ​ណឺត្រុង។ គាត់​ថា​គាត់​ខ្វល់​ខ្វាយ​ណាស់ ដោយ​សារ​អ្នក​នៅអាឡឺម៉ង់​បាន​រក​ឃើញ តំណាក់​កាល​ទី​មួយ​​រួច​ទៅហើយ។ ពី​ដំបូង​លោក​ Einstein ហាក់​ស្ទាក់ស្ទើរ ហើយ​ប្រាប់​លោក​វិញ​ថា អ្នក​វិទ្យាសាស្ត្រ ត្រូវ​មាន​អព្យាក្រិតភាព ហើយ​មិន​ចូល​រួម​ក្នុង​សង្រ្គាម​នោះ​ទេ។ តែ​លោក​ Szilárd បាន​លើក​ជា​ឧទាហរណ៍​ដ៏គួរ​អោយ​ខ្លាច​មួយជូន​លោក Einstein ដោយ​ស្រម៉ៃ​ថា​ពួក​ហ្វាស៊ីស​ដឹក​គ្រាប់​បែក​អាតូមិក​ តាម​នាវា​ចូល​មក​ដល់​ញូយ៉ក ហើយ​បំផ្ទុះវា​ឡើង។ លោក​និយាយ​ថា​ លោក​មិន​អាច​ប្រមាណ​មើល​ពីចំនួន​ជន​រង​គ្រោះ​ឡើយ។ លោក Albert Einstein ពិបាក​ចិត្ត​យ៉ាងខ្លាំង​ដោយ​សារ​រូបមន្ត​របស់​លោក ​ក៏​ចូល​រួម​ក្នុង​បញ្ហា​នេះ​ដែរ។ ក្រោយ​មក​លោក​បាន​សរសេរ​លិខិត​ទៅកាន់​ប្រធានាធិបតី Roosevelt ដើម្បី​ប្រាប់​ពីភាព​ដែល​អាច​ទៅ​រួច​ នៃ​គ្រាប់​បែក​មហាប្រល័យ​នេះ ហើយ​ទាម​ទារ​អោយ​លោក​ប្រធានាធិបតី ខិតខំ​បង្កើត​គ្រាប់​បែក​នេះ​អោយ​បាន​មុន​ ពួក​ហ្វាស៊ីស។
មិន​ប៉ុន្មាន​ក្រោយ​មក​ Roosevelt បាន​បង្កើត​ជា​គំរោង​ការ​សំងាត់​មួយ​ នៅ​រដ្ឋ​ New Mexico​ ដោយ​ដាក់​ឈ្មោះ​ថា Project Manhattan ហើយ​លោក​បាន​បោះ​លុយ ២,២ ពាន់​លាន​ដុល្លារ​ ដែល​ស្មើ​នឹង ៤០ ទៅ ៥០ ពាន់​លាន​ដុល្លារ ក្នុង​ពេល​បច្ចុប្បន្ន។ Einstein មិន​បាន​ចូល​រួម​ក្នុង​គំរោង​នេះ​ទេ ដែល​ផ្ទុយ​ពី​លោក Szilàrd ដែល​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ស្រាវជ្រា​វ​នេះ។

ប៉ុន្តែ​ក្នុង​ ខែ​ឧសភា ឆ្នាំ១៩៤៥ មុនពេល​ដែល​​ការ​ស្រាវ​ជ្រាវ​គ្រាប់​បែក​អាតូមិក​បាន​បញ្ចប់ អ្វី​ៗ​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​វិញ ដោយសារ​ពួក​ហ្វាស៊ីស​បាន​ចុះ​ចាញ់​សង្គ្រាម។ ប៉ុន្តែ​គំរោង​ការ​គ្រាប់​បែក​មិន​បាន​បញ្ចប់​ត្រឹមនោះ​​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​ នៅ​ឯ​បូព៌ា​ឯណោះ​វិញ ប្រទេស​ជប៉ុន នៅ​តែ​បន្តសង្រ្គាម​យ៉ាង​ខ្លាំង​។ នៅ​ខែ​កក្កដា ១៩៤៥ គ្រាប់​បែក​ត្រូវ​បាន​គេ​រៀប​ចំ​រួច​រាល់។ Szilárd ខ្លាច​គ្រាប់​បែក​ត្រូវ​បាន​គេ​ទំលាក់​ដោយ​មិន​បាន​ប្រកាសអាសន្ន​អោយ​ប្រជាជន​រត់ភៀស​ខ្លួន ​ទុកជា​​មុន។ លោក​ក៏​បាន​បង្កើត​ញ្ញត្តិ​ជាមួយ​មិត្ត​អ្នក​វិទ្យាសាស្រ្ត​លោក អោយ​បញ្ចប់​កម្មវិធី​អាវុធ​នេះ។ យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល​អាមេរិក​មិន​បាន​យល់​ព្រម​ទេ។ គោលដៅ​ត្រូវ​បាន​ជ្រើសរើស​រួច​ជា​ស្រេច គឺទីក្រុង​ហ៊ីរ៉ូស៊ីម៉ា។ នៅព្រឹក​ក្នុង​ខែ​សីហា ឆ្នាំ1945 គ្រាប់​បែក​អាតូមិក​ដំបូង​បំផុត​ ត្រូវ​គេ​ទំលាក់។ វា​ធ្លាក់ ៤៥ វិនាទី​នៅ​លើ​អាកាស។ អ្វីៗ​ហាក់​ដូច​រំពឹង​ទុក។ ថាមពល​ដែល​ចេញ​ពី​គ្រាប់​បែ​ក​នេះ គឺ មហិមា។ ម៉ាស​អ៊ុរ៉ាញ៉ូម​ត្រឹម 0,6 ក្រាម តែប៉ុណ្ណោះដែល​បាន​បាត់បង់ តែបាន​បង្កើត​ជា​កំលាំង 12,5 គីឡូ​តោន ក្នុង​ពេល​តែ​ប្រាំមួយ​ភាគ​ដប់នៃ​​វិនាទី​តែ​ប៉ុន្នោះ ហើយ​ធ្វើ​អោយ​ខ្ទេច​ទីក្រុង​ទាំង​មូល បំផ្លាញអាគារ ៨០-៩០% ធ្វើ​អោយ​មាន​ជំងឺ​វិទ្យុសកម្ម​បន្ត​ទៅទៀត។ លោក Einstein ស្ដាប់​លឺ​ពត៌មាន​អំពី​ការ​បាត់បង់​​ជីវិត​អស់​រាប់​ម៉ឺន​នាក់​ ពី​ការ​ទំលាក់​គ្រាប់​បែក​អាតូមិក ដែល​បាន​ពី​រូបមន្ត​របស់​លោក។ លោក​​មាន​អារម្មណ៍​ថាលោក​​ក៏​ត្រូវ​ចូល​រួម​ទទួល​ខុស​ត្រូវ​មួយ​ចំណែក​ក្នុង​រឿង​នេះ​ដែរ។ នៅ​ឆ្នាំ 1945 លោក​បាន​សរសេរ​លិខិត​ទៅ​កាន់​ប្រធានាធិបតី និយាយថា​ លោក​ស្ដាយ​ក្រោយ​នឹង​សំបុត្រ​ដែល​ប្រាប់​ថា​ គ្រាប់​បែក​គួរ​ត្រូវ​បាន​បង្កើតឡើង​។ នៅ​ក្នុង​ទស្សវត្សន៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក លោក​បាន​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​សាយភាយ អាវុធ​នុយក្លេអ៊ែរ ទៅ​កាន់​គ្រប់​អ្នក​ដឹក​នាំគ្រប់​ប្រទេស។
Hirsoshima ក្រោយ​ពី​ទំលាក់​គ្រាប់​បែក
ក្រៅ​ពី​រូបមន្ត E=MC2 ត្រូវ​គេ​ស្គាល់​ថា​ជា​​រូបមន្ត​ប្រល័យ​លោក តែ​អ្នក​វិទ្យាសាស្រ្តក៏​បាន​រក​ឃើញ​ដែរ​ថា តាមរូបមន្ត​បញ្ច្រាស​មក​វិញ ថាម​ពល​ អាច​បង្កើត​បាន​ជា​ម៉ាស។ គេ​ដឹង​ថា​ រាប់​កោដ​ឆ្នាំ​មុន លំហ​អាកាស​ គឺ​ពោរ​ពេញ​ទៅ​ដោយ​ថាមពល ហើយ​ប្រហែល​ជា​ថាមពល​ទាំង​នោះ​ ផ្ដុំ​គ្នា​ក្លាយ​ទៅ​ជា​ម៉ាស ឬ អង្គធាតុ ហើយ​ម្ដង​បន្តិច​ក្លាយ អង្គធាតុ​ទាំង​នោះ​រួម​គ្នា​ធំ​ទៅៗ ​ទៅ​ជា ភព​ទាំង​អស់​ គ្រប់​យ៉ាង​ទាំង​អស់ ហើយ​និង​យើង​ទាំង​អស់​គ្នាផង​ដែរ។ វា​ធ្វើ​អោយ​រូបមន្ត​នេះ ក្លាយ​ជា​រូបមន្ត​នៃ​ការ​បង្កើត​លោកិយ​ ផង​ដែរ។
លោក Albert Einstein មិន​បាន​រស់​នៅ មើល​ពី​ការ​បកស្រាយ​ពី​រូបមន្ត​គាត់​ក្លាយ​ជា​រូបមន្ត​នៃ​ការ​បង្កើតឡើង​ឡើយ។ មួយ​រយ​ឆ្នាំ​មុន​ ពេល​លោក​រក​ឃើញ​នូវ​រូបមន្ត​ទំនាក់ទំនង​នេះ គាត់​មិនបាន​ដឹង​ថា​ រូបមន្ត​ដែល​លោក​រក​ឃើញ​ ត្រូវ​បាន​មនុស្ស​លោក​យក​ទៅ​ប្រើ ក្នុង​រឿង​ល្អ ឬ  អាក្រក់​ឡើយ។ E=MC2 គឺជា​រូប​មន្ត​ នៃ​សេចក្តី​ រស់ និង សេចក្តី​ស្លាប់៕


Creative Commons License
រូប​មន្ត ស្លាប់​ រស់​ របស់​ Einstein by Vann is licensed under a Creative Commons Attribution-NonCommercial-ShareAlike 3.0 Unported License.
Based on a work at http://saidbyvann.blogspot.com/2013/06/enstein_11.html.

No comments:

Post a Comment