Showing posts with label People. Show all posts
Showing posts with label People. Show all posts

Saturday, August 11, 2012

ឍាមរា?​ គំរូ​អាក្រក់​មនុស្ស​ជំនាន់​មុន!

ឍាមរា?

រំលឹកពី​អតីតកាល​ពី​កាល​ទើប​ចាប់​ផ្ដើម​រៀន​អក្សរ​ខ្មែរដំបូង នៅ​ពេល​ដែល​រៀន​ដល់​អក្សរ “ឍ”ដែល​មាន​ឧទាហរណ៍​ជា ឍាមរា ដែល​ត្រូវ​បាន​គេ​គូរ​ជារូប​សត្វម្យ៉ាង​ដូច​ទា នៅ​ក្រោម​ពាក្យ​នេះ។ ខ្ញុំ​តែង​តែ​ស្វែង​រកសត្វ​នេះ​ថា​ជា​អ្វី ត្បិត​ខ្ញុំ​មិន​ដែល​ឃើញ​វា​សូម្បី​តែ​ក្នុង​ទូរទស្សន៍។ តែ​ជា​អកុសល គ្មាន​នរណា​ម្នាក់​ដែល​ដឹង​ពី​វា សូម្បី​តែ​គ្រូ​ដែល​បាន​បង្រៀន​ខ្ញុំ​នូវ​ពាក្យ​នេះ។ ចម្ងល់​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ជានិច្ច ទោះបី​ជា​វា​មាន​រយៈពេល​យូរ​ហើយ​ក៏ដោយ។ ត្រលប់​មក​ប៉ុន្មាន​ឆ្នាំមុន​នេះ នៅ​ពេល​ដែល​ខ្ញុំ​មើល​ទូរទស្សន៍​និយាយ​អំពី​សត្វ​ដែល​បាន​ផុត​ពូជ​​ ពី​លើ​ភព​ផែន​ដី​នេះ ហើយ​គេ​បាន​លើក​រូបមួយ​ដែល​ប្រហែល​ជា​ ឍាមរា មក​បង្ហាញ​ដោយ​ពន្លយ​ពាក្យ​ថា “ពួក​គេ​បាន​បាត់បង់​ជារៀងរហូត” ទើប​ខ្ញុំ​ដឹង​ថា សត្វ​ដែល​ខ្ញុំ​ធ្លាប់រៀន ហើយ​ជា​ពាក្យ​តែ​មួយ​គត់​ដែល​គេ​យក​ជា​ឧទាហរណ៍​សំរាប់​អក្សរ ឍ លែង​មាន​នៅ​លើ​ទីនេះ​ទៀត​ហើយ។ វា​ហាក់ដូច​ពន្យល់​ពី​គ្រប់​បញ្ហា គ្រូ​មិន​អាច​ពន្យល់​បាន មិន​ដែល​ឃើញ​ក្នុង​ទូរទស្សន៍…។ តែ​ម្យ៉ាង​ទៀត​វា​ហាក់​ដូច​ជា​ប្រាប់​ខ្ញុំ​ថា វា​ជា​កំហុស​ដ៏ធំ​មួយ​របស់​មនុស្ស​ជំនាន់​មុន ដែល​ធ្វើ​អោយឍាមរា ដែល​មាន​គ្រប់​សៀវភៅ​អក្សរ​ខ្មែរ​ថ្នាក់​ដំបូងៗ បាត់​បង់។ មិន​តែ​ប៉ុណ្ណោះ​ទេ និមិត្ត​រូបកម្ពុជា សត្វ​គោ​ព្រៃ ប្រហែល​ជា​លែង​មាន​នៅ​ទី​ណាទាំង​អស់​ក្នុង​កម្ពុជា។

1 Didus ineptus ដែល​ប្រហែល​ជា ឍាមរា

មនុស្ស​ចាស់​មួយ​ចំនួន​នៅ​ពេល​ឥលូវ​នេះ​ហាក់​ដូច​ជា​គ្មាន​ការ​ពិចារណា

"អ្នក​ខ្លះ​យល់​ថា​បើ​ខ្លួន​មិន​បរិភោគ​ នោះ​អ្នក​ផ្សេង​នឹង​បរិភោគ​ដដែល"
វា​ហាក់​ដូច​ជា​ធ្ងន់​ធ្ងរ​ណាស់​ដែល​បន្ទោស​អ្នក​ទាំង​នោះ​ថា​គ្មាន​ការ​ពិចារណា។ តែ​បើសិន​បើ​មនុស្ស​បរិភោគសាច់សត្វ​ព្រៃ សត្វ​ដែល​ជិតដាច់ពូជ ហើយ​ប្រាប់​មិត្ត​ភក្តិ​ថា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​មានឥទ្ធិពល​ផ្លូវ​ភេទ រឺ ព្យាបាល​ ដោយ​មិន​អាច​ពន្យល់​បាន​នៅ​ពេល​ដែល​គេសួរ​ត្រលប់​មក​វិញ ថា​វាអាចព្យាបាល​បាន​របៀបម៉េច នោះ​ហើយ​គឺ​ជា​កង្វះ​ការ​ពិចារណា។ ចំពោះ​ខ្ញុំ សាច់សត្វ​ព្រៃ​គ្មាន​រសជាតិ​ឆ្ងាញ់​ទេ។ ចំពោះ​អ្នក​ដែល​បរិភោគ​សាច់សត្វ​ព្រៃ ហើយ​គិត​ថា​ឆ្ងាញ់​ អាច​ប្រហែល​មក​ពី​ខ្លួន​ទទួល​ឥទ្ធិពល​ឃោសនា​ថា​សាច់ទាំង​នោះ​អាច​ព្យាបាល​ជំងឺ​បាន ទាំង​ដែល​គេ​មិន​ដឹង​ថា​​ វាអាច​ទៅ​រួច​យ៉ាង​ដូច​ម្ដេច។​ បើ​អោយ​ពួក​គេ​បិទ​ភ្នែក​ ហើយភ្លក្សសាច់​ដែល​ដាក់​ក្នុង​ចាន​ពីរ​ ​ម្ខាង​ដាក់​សាច់​គោ ម្ខាង​ទៀត​ដាក់​សាច់​សត្វ​ព្រៃ ដោយ​មិន​ប្រាប់​អ្វី​ទាំង​អស់ ខ្ញុំ​ជឿ​ថា​ពួក​គេ​នឹង​រើស​យក​សាច់​គោ។ ម្យ៉ាង​វិញ​ទៀត អ្នក​បរិភោគសាច់​សត្វ​ព្រៃ​ពិត​ជា​ល្ងង់​ណាស់ ដែល​គេ​គិតថា គេ​ព្រម​បរិភោគ​ដោយសារ​តែ​សាច់​នោះ “ឆ្ងាញ់” ទោះ​បី​ជាដឹង​ថា​សត្វ​ព្រៃ​ជា​សម្ផស្ស​ ជា​មរតក ជាមោទនភាព​ជាតិ។ ហើយ​ចំពោះ​អ្នក​ដែល​ព្រម​ជឿ​ថា​ សាច់​សត្វ​ទាំង​នោះ​អាច​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​បាន​ដោយ​មិន​គិត​អ្វី​សោះ​កាន់​តែ​ល្ងង់​ទៅ​ទៀត។ វា​អាច​ទៅ​រួច​ដែល​ពួក​គេ​ “ខ្លាំង” បាន​ដោយ​បរិភោគ​សាច់ តែ​មិនមែន​សត្វ​ព្រៃ​ទេ! រាល់​ពេល​មនុស្ស​បរិភោគ​សាច់ ពួក​គេ​ប្រាកដ​ជាមាន​​ថាមពល​គ្រប់គ្រាន់ ដែល​ធ្វើ​អោយ​គេ​មាន​អារម្មណ៍​ថា​ខ្លាំង​ជាង​មុន។ ជានេះ​ទៅ​ទៀត​ ពួក​គេ​នឹង​បរិភោគ​សាច់​ទាំង​នោះ​ជាមួយ​ស្រា ដែល​ជា​ហេតុ​ធ្វើ​អោយ​គេ​បាត់បង់​ស្មារតី​ និង ការ​វិនិច្ឆ័យ​ ដែល​ធ្វើ​អោយ​យល់​ថា​ខ្លួន​ខ្លាំង។ យល់​ល្អ​អ្នក​ដែល​ខ្វះ​សមត្ថភាព​ភេទទាំង​នោះគួរ​តែទៅ​រក​ពេទ្យ​ទៅ​ល្អ​ជាង។ វា​​មិន​មែន​ជាឥទ្ធិពល​របស់​សត្វ​ព្រៃ​ទេ វា​ជា​ឥទ្ធិពល​របស់​សាច់។ ជាង​នេះ​ទៅ​ទៀត មនុស្ស​ដែល​បរិភោគ​សាច់សត្វ​ព្រៃ​ដោយ​គិត​ថា​វា​អាច​ព្យាបាល​រោគ កាន់​តែ​ល្ងង់​ទៅ​ទៀត។ ពួក​គេ​ព្រម​ជឿ​លើ​រឿង​ទាំង​នោះ​ដោយ​គ្មាន​អ្វី​ពន្យល់​បាន។​ ពួក​គេ​មិន​ព្យាយាម​ហាត់​ប្រាណ ថែទាំ​សុខភាព និង​ ត្រួតពិនិត្យ​សុខភាព​គេ​ទេ​ តែ​បែ​រ​ជា​ស្វែង​រក​សាច់សត្វ​ក្រោយ​ពេល​កើត​ជំងឺ។ ខ្លះ​អាច​ធូរ​ស្រាល​មែន ព្រោះ​វាជាឥទ្ធិពល Placebo ដែល​កើត​ឡើង​ក្រោយ​ពី​ពួក​គេ​ជឿ​លើ​ការ​ឃោសនា។ អ្នក​ជំងឺ​ខ្លះ​ សុខចិត្ត​តម​អាហារ​ទាំង​ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ តែ​ពួក​គេ​បែរ​ជា​បរិភោគ​សាច់​សត្វ​ព្រៃ​ ជួន​កាល​ក្នុង​ចំនួន​ច្រើន (ហើយ​តម​សាច់សត្វ​ស្រុក sic)។ ដូច​ខាង​លើ​អញ្ចឹង​ នោះ​គឺ​ដោយសារ​គេ​បរិភោគ​ច្រើន មិន​មែន​មក​ពី​សត្វ​ព្រៃ​ទេ។ យ៉ាងណា​ក៏​ដោយ ពួក​គេ​ហាក់​ដូច​ជា​ល្ងង់​ណាស់​ដែល​ព្រម​ទទួល​យក​ការ​ឃោសនា​មួយ​ដោយ​មិន​ពិចារណា។ មួយ​វិញ​ទៀត អ្នក​ខ្លះ​យល់​ថា​បើ​ខ្លួន​មិន​បរិភោគ​ នោះ​អ្នក​ផ្សេង​នឹង​បរិភោគ​ដដែល ដែល​នោះ ខ្ញុំ​គិត​ថា​​គឺ​ជា​គំនិត​របស់​អ្នក​ដែល​ខ្វះ​ចំនេះដឹង។ ពួក​គេ​គាំទ្រ​សាច់​សត្វ​ព្រៃ ដែល​ជា​ហេតុ​នាំ​អោយ​មាន​ការ​សំលាប់​បន្ត។ គេ​ដឹង​ថា​គេ​មិន​គួរ​បរិភោគ​សាច់​នោះ​ទេ តែ​ចុង​ក្រោយ​ពួក​គេក្លាយ​ជា​បុគ្គល​ម្នាក់ ក្នុង​ចំនោមអ្នក​បរិភោគ​ដដែល។ ការ​សំលាប់​ កើត​ឡើង​ពី​អ្នក​បរិភោគ ហើយ​អ្នក​បរិភោគ​ កើត​ឡើង​ពី​បុគ្គល​ម្នាក់ៗនោះ​ហើយ។ ពួក​គេ​ពិត​ជា​ល្ងង់​ណាស់ គួរ​អោយ​អាណិត​មែន។

មូល​ហេតុ​ជាច្រើន

មានមូល​ហេតុ​ជា​ច្រើន​ដែល​បណ្ដាល​អោយ ពូជ​សត្វ​មួយ​ ក្លាយ​ជា “ជិត​ដាច់​ពូជ​​"។ មិន​មែន​គ្រាន់​តែ​ការ​សំលាប់​ដើម្បី​បរិភោគ​នោះ​ទេ។ កត្តា​នគរូបនីយកម្ម ដោយ​មិន​បាន​គិត​ពី​ឥទ្ធិពល​លើ​ប្រព័ន្ធ​បរិស្ថាន​ បាន​បំផ្លាញ​ដោយ​ផ្ទាល់​ និង ដោយ​ប្រយោល​លើ​ សត្វ​ព្រៃ​ទាំងនោះ។ នគរូបនីយកម្ម​ ខ្វះ​ការ​សិក្សា​ បាន​បំផ្លាញ​ដោយ​ផ្ទាល់​លើ​​ព្រៃឈើ ដែល​ជា​ជំរកសត្វ​រស់​នៅ​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រែប្រួល​​បរិយាកាស​ដោយ​សារ​ផល​ប៉ះពាល់​ពី នគរូបនីយកម្ម​ និង ឧស្សាហកម្ម ក៏​ជា​ហេតុ​ធ្វើ​អោយសត្វ​ដាច់​ពូជ​ដែរ។ សត្វ​ព្រៃ ជា​ភាររស់​គួរ​អោយ​អាណិត​ណាស់។ ពួក​គេ​គ្មាន​សំលៀក​បំពាក់ គ្មាន​ទី​ជំរក ហើយ​ពួក​គេ​គ្មានការ​សំរបសំរួល​ទៅ​នឹង​បំរែបំរួល​បរិយាកាស​ និង សីតុណ្ហភាពឡើយ។ អ្នក​ដែល​បាន​បំផ្លាញ​បរិស្ថាន ពិត​ណាស់ប្រាកដ​ជា​បាន​បំភ្លេច ឬ ល្ងង់​ណាស់​ដែល​មិន​ដឹង​ថា​ បុព្វបុរស​របស់​មនុស្ស​រស់​នៅ​ក្នុង​ព្រៃ។ ភាព​យល់​ខុស​របស់​មនុស្ស​ភាព​សាហាវ​របស់​សត្វ​ព្រៃក៏​ជាបញ្ហា​ផង​ដែរ។ មនុស្ស​មិន​មែន​ជា​ចំណី​របស់​ត្រី​ឆ្លាម​ទេ។ តាម​ពិត​ទៅ សត្វ​ព្រៃ​មិន​ដែលឈ្លានពាន​ទឹក​ដី​មនុស្ស​ទេ មាន​តែ​មនុស្ស​ទេ​ដែល​ទៅ​ឈ្លាន​ពាន​ដែន​ដី​របស់​សត្វ ហើយ​នៅ​ពេល​សត្វ​ការពារ​ទឹក​ដី​ខ្លួន​តាម​សភាវគតិ បែរ​ជាធ្វើ​អោយ​គេ​គិត​ថា​សត្វ​ទាំង​នោះ​មាន​ភាព​សាហាវ​ទៅ​វិញ។

កំហុស​ដ៏ធំ​របស់​មនុស្ស​ពី​មុន

មាន​សត្វ​ព្រៃ​ជា​ច្រើន​បាន​ផុត​ពូជ​ដោយសារ​មនុស្ស។ សូម​ក្រលេក​មើល​លើ​ តំណរ​ភ្ជាប់​នេះ​ ដែល​នាំ​ទៅ​កាន់​ បញ្ជី​សត្វ​ផុត​ពូជ​ នៅ​វីគីផេឌៀ។ ឍាម​រ៉ា ជា​កំហុស​ដ៏​ធំ​មួយ ដែល​មនុស្ស​ចាស់​គ្មាន​អ្វី​នឹង​ឆ្លើយ​តប​ចំពោះ​ក្មេងៗទេ នៅ​ពេល​ពួក​គេ​សួរថា សត្វ​នេះនៅ​ទីណា ហើយ​អ្នក​ណាជា​អ្នក​ធ្វើអោយ​សត្វ​នេះ​ដាច់​ពូជ។ ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មិន​ខ្វល់​ថា​ អង្គភាព​រួម​ធំ​មួយ​ណា ឬ​ បុគ្គល​ណា​ធ្វើ​អោយ​សត្វ​ដាច់​ពូជ​ទេ តែ​ខ្ញុំ​បន្ទោស​មនុស្ស​ចាស់​ទាំង​ស្រុង​ លើ​ការ​បាត់​បង់​នេះ។ ហើយ​នៅ​មាន​សត្វ​ជា​ច្រើន​ទៀត​ដែល​កំពុង​ត្រូវ​បាន​​គំរាមកំហែង ហើយ​បើ​មនុស្ស​ជំនាន់​យើង​ទាំង​អស់​គ្នា​នៅ​តែ​បន្ត​បំផ្លាញ​សត្វ​ព្រៃ​បន្ត​ទៀត ខ្ញុំ​ខ្លាច​ថា​ក្មេង​ៗ​ជំនាន់​ក្រោយ​កាន់តែ​បន្ទោស​យើង​​ច្រើន​​ទៅ​ទៀត បើ​សិន​ពួក​គេ​មិន​ស្គាល់​សត្វ​គ្រៀល សត្វ​កេងកង…។​​ សូម​ចុច​លើ​ទី​នេះ ដើម្បី​មើល​ទៅ​លើ​ការ​ឃោសនា​មួយ ដែល​បង្ហាញ​អំពី​របៀប​ធ្វើ​ឯកសារ​សត្វ​លើ​សត្វ​ខ្លា នៅ​ពេល​ដែល​ខ្លា​បាន​ដាច់​ពូជ​ទៅ ។ វា​គួរ​អោយ​ខ្លាច​ និង អាម៉ាស់​ណាស់។

ចាំ​អង្កាល់​ទៀត?

"​សត្វ​ព្រៃ​ជា​សម្ផស្ស​ ជា​មរតក ជាមោទនភាព​ជាតិ"
មាន​ការ​អភិរក្ស​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​កំឡុង​ប៉ុន្មាន​ទស្សវត្ស​ចុង​ក្រោយ​នេះ។ អ្វី​ដែល​សំខាន់​គឺ​ត្រូ​វបង្ហាត់​មនុស្ស​ ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​អោយ​ចេះ​ស្រលាញ់​សត្វ​ព្រៃ យល់​ពី​ប្រយាជន៍​សត្វ ហើយត្រូ​វមាន​វិធានការ​ទៅលើ​ការ​សំលាប់ និង​ត្រូវ​មាន​ការ​សិក្សា​អោយ​ច្បាស់​លាស់​ថ្លឹង​ថ្លែង​ពី​ផល​ប៉ះពាល់​លើ​ជំរក​សត្វ​មុន​ពេល​​ធ្វើ​គំរោង​នគរូបនីយកម្ម។ ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​ការ​ពារ​សត្វ​ព្រៃ​បាន ហើយ​វា​ចាប់​ផ្ដើម​ពី​ឥលូវ​នេះ និង ពីយើង​ម្នាក់ៗទៅ។ វា​ដល់​ពេល​ហើយ​ដែល​យើង​យក​សម្បជញ្ញះ​មក​ប្រើប្រាស់។

បញ្ជី​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​កម្ពុជា
សត្វ​ព្រៃ​នៅ​កម្ពុជា

Friday, February 24, 2012

មូលហេតុអ្នកគួរតែទៅ​ហាងអ៊ីនធើណេតសាធារណៈ យូរៗម្ដង

ទោះជាអ្នកមានសមត្ថភាព​ភ្ជាប់អ៊ីនធើណេតដោយខ្លួនអ្នក​ក៏ដោយ ក៏ការទៅអង្គុយលេងអ៊ីនធើណេតនៅ​ហាងអ៊ីនធើណេត​ ម្ដងម្កាល​សំរាប់កំសាន្ដ ពិតជា​ជំរើស​ដ៏ល្អមួយ​។

DSC09090

ការកំសាន្ដតាម​អ៊ីនធើណេត​ពិតជារឿងដែល​សប្បាយ ចំណាយតិច និង ងាយស្រួល​​មួយ​ដែល​អ្នក​ណាៗដែលចូលចិត្តអ៊ីនធើណេត រួមទាំងខ្ញុំផងដែរ​ទំលាប់ធ្វើជារៀងរាល់ថ្ងៃ ​។ កំរិតប្រើប្រាស់​អ៊ីនធើណេត នៅកម្ពុជា​នៅតែជាកង្វល់រួម​មួយ តែយ៉ាងណាម៉ិញ សំរាប់អ្នកដែលមានឱកាស​គ្រប់​គ្រាន់​មានអ៊ិនធើណេត​ផ្ទាល់ខ្លួន ហាក់ដូចជាបាន​ភៀសខ្លួនទៅរកពិភពឯកជន​រួចរាល់ទៅហើយ។ ពិតណាស់ ឯកជនភាព នៅលើពិភពអ៊ីនធើណេត ដែលនរណាៗក៏មានសិទ្ធិប្រើប្រាស់ តែងតែ​ជាចំនុចសំខាន់មួយ​ ត្បិត​អ្នក​មិនចង់អោយ​នរណាផ្សេង​ទៀត​ដឹងថាអ្នកធ្វើ​អ្វីទេ​លើពិភពអ៊ីនធើណេតនេះទេ។

តែការលេងអ៊ិនធើណេតសំរាប់​កំសាន្ដវិញ ដូចជាគ្មានអ្វីត្រូវបារម្ភពី​ឯកជនភាពនោះទេ ព្រោះអ្នក​មិនបាន​ប្រើប្រាស់ពត៌មាន​ផ្ទាល់ខ្លួនឯណា ឧទាហរណ៍​រាល់ពេល​អ្នកស្ដាប់ចំរៀងនោះ។ ករណីនេះ អ្នកស្វែងរក​ការកំសាន្ដ​ផ្សេងៗ ដូចជា ដោនឡូដ​ចំរៀង​ទុកស្ដាប់លេង រឺ វីដេអូ​ផ្សេងៗសំរាប់កែអផ្សុក រឺ លេង​ហ្គេម​ជាក្រុម​ដើម្បីបន្ថយភាពតានតឹង រឺ ចូលទៅអាន​ពត៌មាន​ទុកគ្រាន់ជាទុន​ពេលទំនេរ រឺ មើលពី​នេះ​ពីនោះ ដើម្បីស្វែងរករបស់ថ្មី គ្រាន់ធ្វើអោយ​អ្នក​រំភើប។​ ជារួម អ្នកចូលចិត្ត​អ្វីដែល​ថ្មី ហើយ​នឹងអ្វីដែលមនុស្សគ្រប់គ្នាកំពុងចាប់អារម្មណ៍។ អាហា! អ្នកធ្វើដូចម្ដេច​ រកបាន​content ថ្មី​ ហើយ កំពុងតែ​ត្រូវបានចាប់អារម្មណ៍​នោះ? ចំលើយ​គឺគោលដៅ​នៃអត្ថបទនេះហើយ!

ការកំសាន្ដ​ថ្មីៗ និង​ កំពុងតែ​ពេញនិយម

DSC09086 អ្វីដែល​អ្នក​គួរធ្វើ​ដើម្បីរក​របស់កំសាន្ដថ្មីៗ នោះ គឺ​ទៅហាងអ៊ិនធើណេត។ ធម្មតា​មាន​មនុស្សជា​ច្រើន​ ចូលទៅហាង​អ៊ីនធើណេត ហើយមួយចំនួនធំ​នៃ​អ្នក​ទាំង​នោះ ​ក៏ទៅ​រក​ការ​កំសាន្ដ​ដែរ។ ធម្មតា​ពួកគេ​នឹង​ដោនឡូដ​យក​អ្វីៗ​ថ្មី​ទៅ​ក្នុង​កំព្យូទ័រ​សាធារណៈទាំងនោះ រួមទាំង​ម្ចាស់ហាង​អ៊ីនធើណេត​ផងដែរ ជាឧទាហរណ៍​ ម្ចាស់ហាង​ខ្លះ​ដាក់ចំរៀង​អោយ​អ្នក​មកប្រើប្រាស់នៅ​លើ​បណ្ដាញNetwork របស់គេ​ ដោយមិនចាំបាច់ចូល​ទៅ​អ៊ីនធើណេត​តែ​ម្ដង។ អ្នក​ដែល​មក​កំសាន្ដ​នៅ​ហាង​អ៊ិនធើណេត​ពិតជា​មានចំនួនច្រើន និង មាន​ចំណូលចិត្ត​ប្លែកៗគ្នា​ជាច្រើន ដូច្នេះ​អ្នក​ប្រាកដជាមាន​ឱកាស​ទៅ​ copy យក​វីដេអូ, ចំរៀងដែលពួក​គេបាន​ដោនឡូដហើយ ទាំងនោះ​មក​ទុក​កំសាន្ដ​ខ្លួន​ឯង​ផ្ទាល់។ អ្នក​ប្រាកដជា​រកឃើញ​ វីដេអូ ណាមួយដែល​គេ​បាន​ទាញយក​រួចមកហើយ ត្រូវចិត្តអ្នក​ជា​មិនខាន ត្បិត​យ៉ាងហោចណាស់​ក៏មាន​អ្នក​ណា​ម្នាក់​លើ​លោក​នេះ មាន​ចំណូលចិត្ត​ដូចអ្នក​ដែរ។ អញ្ចឹង​ ហើយ​អ្នក​ប្រាកដជារក​បាន​អ្វី​ដែល​ថ្មី ហើយ​ត្រូវចិត្តអ្នក​ជាមិនខាន។ ជាងនេះ​ទៅទៀត ដោយសារតែ​មនុស្សម្នា ដែល​មានចំណូលចិត្តខុស​គ្នាទាំងនោះ​ ចូល​ទៅ​កំសាន្ដ​តែ​លើ​កុំព្យូទ័រតែមួយ វាជាហេតុធ្វើអោយ​អ្នក​ដឹងថា​ តើ​ចំរៀង​មួយណាដែល​កំពុង​ទាញចំណាប់អារម្មណ៍ខ្លាំង។ អ្នកដែល​ចាប់អារម្មណ៍ដែរ​ទេថា​ ផលិតកម្មចំរៀងថ្មីៗមួយចំនួន​ពិតជា​មាន​ចំរៀង​ពិរោះៗខ្លាំងណាស់ ហើយ​ផលិតកម្មខ្លះ​មិនផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ទាល់តែសោះ តែពួកគេអាចទទួលបាន​កេរ្តិ៍ឈ្មោះ? នេះក៏ដោយសារចំរៀងពិរោះៗ ត្រូវអ្នកស្ដាប់ណែនាំបន្ដៗគ្នា ហើយ​ពេលណាមួយនោះ​ការណែនាំនោះនឹងមក​ដល់អ្នក។​ អ្នកសាកស្ដាប់ចំរៀងដែល​គេដោនឡូដនោះ ហើយ​យល់​ថាវា​ល្អ ដូចនេះ អ្នក​ក៏ណែនាំចំរៀង​នេះ​តទៅទៀត ហើយ​ចូលទៅ​ទាញយក​ចំរៀងបន្ថែមទៀត ដែល​ជាឱកាស​ធ្វើអោយ​អ្នក​ដែល​មក​ហាង​អ៊ីនធើណេតក្រោយៗអ្នក បានស្ដាប់ដែរ។ ជាងនេះ​ទៅទៀត មាន​ចំរៀង​ខ្លះ បាន​បញ្ចេញមកតែលើអ៊ីនធើណេត​តែប៉ុណ្ណោះ ហើយ​ក៏គ្មាន​ឌីសលក់លើទីផ្សារដែរ ត្បិតអ្នកដឹងហើយ​ថា​ខ្លួនអ្នក​និង​មនុស្សជាច្រើន​ចូលចិត្ត​ដោនឡូន ហើយ​ ទីផ្សាថាសចំរៀង​នៅមិនទាន់ល្អ​នៅឡើយ ម្យ៉ាងចំរៀងខ្លះ ជាចំរៀងទោលឯករាជ្យ​គ្មាន​អាល់ប៊ុម ហើយ​អ្នក​ច្រៀង​មិន​ស្វែងរក​កំរៃ ដែល​ជាហេតុធ្វើអោយ​គេ​ទាំងនោះ​បញ្ចេញចំរៀង​គេ​មក​លើ​ទីផ្សារអ៊ីនធើណេត​វិញ។

ពិភពដ៏ធំ

អ្នកគិត​ថា អ្នក​ទាំងនោះ​ក៏ដោនឡូដ​ដែរ ចុះ​ហេតុអ្វី​អ្នក​ត្រូវទៅ​អង្គុយ​នៅ​កន្លែងអ៊ីនធើណេតធ្វើ​អ្វី​ បើអ្នក​អាច​ដោនឡូដ​នៅ​ផ្ទះ​បាន​ដែរ​នោះ? អញ្ចឹង​អ្នក​យក​ឧទាហរណ៍​មួយ​មក​គិត​លេងៗសិន។ តើ​អ្នក​ដឹង​ថា​កន្លែងណា​​ដែល​មាន​នំគ្រួក​ឆ្ងាញ់បំផុត​នៅភ្នំពេញទេ? អ្នក​ពិតជាពិបាកដឹង​ណាស់​ត្បឹត​វា​ហាក់ដូច​ជា​កំពុង​រក​កន្លែង​ដ៏តូច​មួយ​ ក្នុង​តំបន់​មួយ​ដ៏ធំសំបើម​អញ្ចឹង ហើយ​ម្យ៉ាង​គ្មា​ននរណាម្នាក់ណែនាំ​អ្នក​ទាល់តែសោះ ហើយ​កន្លែងលក់នំគ្រួកក៏​មិនដែល​ទៅ​ផ្សាយ​DSC08776 ពាណិជ្ជកម្មតាមទូរទស្សន៍​ដែរ។​ វា​ក៏ដូចជាករណីពិភព​អ៊ីនធើណេត​ដែរ។ ជួនកាល​ ហ្គេម​ដែល​យើងចូលចិត្ត ជាហ្គេម​ដែល​ផលិត​ឡើងដំបូង​​ដោយ​ក្រុមហ៊ុន​តូចមួយ ដែល​គ្មាន​សមត្ថភាព​នឹង​ផ្សាយពាណិជ្ជកម្ម​បាន​ឡើយ​ (ឧ Angry Birds)។ បើអ្នកជា​អ្នក​​ស្គាល់អ៊ីនធើណេត​ម្នាក់ដែរ​នោះ អ្នក​ប្រាកដ​ជាដឹងថា​ពិភពអ៊ីនធើណេត​ពិតជា​ធំសំបើមណាស់ ហើយការស្វែងរក​ហ្គេម​ដែល​ត្រូវចិត្តអ្នកពិតជា​ពិបាក។ ដូច្នេះ បើមាន​នរណា​ម្នាក់មក​ណែនាំអ្នក​ រឺក៏ អោយហ្គេម​ទៅអ្នក​សាកលេង​តែ​ម្ដង វាពិតជារឿងគួរអោយ​ធ្វើ។ អ្នក​ដែល​មក​ណែនាំ​ប្រាកដជាចូលចិត្ត​ហ្គេម​នោះ​ហើយ បាន​ជាគេ​សុខចិត្ត​ណែនាំអ្នក​នោះ។​ យ៉ាងណា​ម៉ិញ​ បើអ្នក​ចូលចិត្ត​ហ្គេម​នោះ​ដែរ​អ្នក​នឹង​ណែនាំទៅគេបន្ដទៀត។ ការណែនាំ​មិនប្រាកដតែ​ជា​ការប្រាប់ដោយផ្ទាល់នោះទេ។ ក្នុងករណីហាងអ៊ីនធើណេតយើង ហ្គេម​ដែល​អ្នក​ដទៃដោនឡូដយក​មក​លេង ក៏គួរតែត្រូវ​អ្នក​សាក​ល្បងលេងផង​ដែរ! ហ្គេមតួយ៉ាង​​ដូច​Angry Birdsដែល​ដំបូង​អោយ​ដោនឡូដដោយ​មិនគិតថ្លៃនោះ បើគ្មាន​អ្នក​ណែនាំ និង អ្នក​ចូលចិត្តច្រើនទេនោះ ហ្គេម​ចេញ​ពីក្រុមហ៊ុន​តូចមួយ​នេះ ក៏គ្មាន​ឈ្មោះដល់ពេលនេះដែរ។ អញ្ចឹង ការ​ទៅអង្គុយនៅហាងអ៊ីនធើណេត​សាធារណៈ ធ្វើអោយអ្នក​អាចនឹងស្វែងរក​ហ្គេម​អ្នកចូលចិត្ត​បាន ក៏ដូចជា​ទៅរក​ហាងនំគ្រួកឆ្ងាញ់​តែ​តូចមួយ​ក្នុង​ក្រុង​បានដែរ។

ដូច្នេះ អ្នក​ដឹង​ហើយ​ថា​ ការចំណាយ​ពេល​វេលា​យូរៗម្ដង ទៅ​ហាង​អ៊ិនធើណេតសាធារណៈ ផ្ដល់អោយ​អ្នក​នូវ របស់​កំសាន្ដ​ ពេញនិយម និង ថ្មីៗជា​ច្រើ​ន​ដែល​អ្នក​អាច​នឹង​មិន​អាច​រក​ឃើញ​ខ្លួន​ឯង​បាន។​ អ្នកអាចនឹងស្វែងរកមិត្តភក្ដិពិតប្រាកដជាច្រើន ហើយក៏ជួបមនុស្សពិតៗ នៅហាងអ៊ីនធើណេត គ្រាន់បើជាង​លេង​នៅ​ផ្ទះ​ម្នាក់​ឯង ហើយស្គាល់គ្នា​តាម​តែ Facebook។ (just saying)

DSC09087