Monday, November 25, 2013

Winamp កម្មវិធី​កុំព្យូទ័រ​ដ៏យូរ​អង្វែង​សំរាប់​លេង​បទ​ចំរៀង កំពុង​ត្រូវ​បញ្ចប់​កេរ្តិ៍​ដំណែល (វិចារណកថា)

កេរ្តិ៍ដំណែល

បើ​សិន​ជា​អ្នក​​អាន​ទាំង​អស់​គ្នា​ធ្លាប់​ចាក់ចំរៀងដោយ​ប្រើ​កុំព្យូទ័រ កាល​ពី​កំឡុង​ចុង​ទស្សវត្ស ៩០ ហើយ​និង​កាល​ពី​កំឡុង​ឆ្នាំ ២០០០ ជាង អ្នក​ទាំងអស់​គ្នា​ប្រហែល​ជា​បាន​ប្រើ​កម្មវិធី​ Winamp ហើយ។ កាល​នោះ វា​ល្បី​ណាស់។ វា​ក្លាយ​ជា​កម្មវិធី​ស្តង់ដារ​ សំរាប់​ចាក់ចំរៀង​ក្នុង​កុំព្យូទ័រ​ទៅហើយ ដោយសារ​ វា​ចាប់​ផ្ដើម​ដើរ​រហ័ស ហើយ​ស្គាល់​ប្រភេទ​ចំរៀង​ច្រើន​។ ជាង​នេះ​ទៅ​ទៀត Winamp ធ្វើ​អោយ​គ្រប់​ៗគ្នា​ មាន​កម្មវិធី​ចាក់ចំរៀង​ដែល​មាន​រូប​រាង​​ដោយឡែក​ ផ្សេងៗ​គ្នា​ ទៅ​តាម​ចំណូល​ចិត្ត​ របស់​អ្នក​ស្ដាប់។ វា​ត្រូវ​បាន​គេ​ដោនឡូដ​យក​ប្រហែល៣​លានដង​ កំឡុង​ពេល​ដែល​កម្មវិធី​នេះ​ចាប់​ផ្ដើម​បាន​ទើប​តែ​ប្រហែល ១​ ឆ្នាំ​ជាង​ ហើយ​មិន​ទាន់​ទាំង​បាន​ចូល កំណែ (Version) ទី​២ ផង។ ឥលូវ​នេះ កំណែ​ដែល​ថ្មី​ជាង​គេ​បំផុត​របស់​ Winamp គឺទី 5.6.6 ហើយ​ប្រហែល​ជា​កំណែ​ចុង​ក្រោយ​បំផុត មុន​ពេល​កម្មវិធី​ចាស់​ក្រែល​នេះ ត្រូវ​បាន​គេ​រុញ​ចូល​ក្នុង​កេះ​ទុក​ចោល​ នៅ​ចុង​ឆ្នាំ​នេះ។