Monday, April 9, 2012

កាហ្វេប្រៃ


ពីអ្នកនិពន្ធមិនស្គាល់ឈ្មោះម្នាក់
បកប្រែដោយ​ វណ្ណ

គេជួបនាងនៅពិធីជប់លៀងមួយ។ នាងលេចធ្លោខ្លាំងណាស់ ហើយមានបុរសជាច្រើនតាមស្រលាញ់។ ឯគេវិញ គ្រាន់ជាមនុស្សប្រុសសាមញ្ញម្នាក់ ហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍ប៉ុណ្ណោះ។ នៅពេលចប់កម្មវិធី គេបានអញ្ជើញនាង​ ទៅផឹកកាហ្វេ​ជាមួយគេ។ ពេលនោះ​នាងភ្ញាក់ផ្អើលខ្លាំងណាស់ តែដោយសារនាងជា​មនុស្ស​គួរសម នាង​ក៏យល់ព្រម។ ពួកគេអង្គុយក្នុងហាងកាហ្វេដ៏​ស្អាតមួយកន្លែង។ គេខ្លាចខ្លាំងណាស់​ ហើយ​មិនហ៊ាននិយាយអ្វីទេ។ ឯនាងវិញ​មិនស្រណុកសោះ ហើយនាងគិត​ក្នុងចិត្តថា សូមអោយ​នាងទៅផ្ទះឆាប់ៗ​ទៅ។ ស្រាប់​តែ​ភ្លាមៗ​នោះ ​គេហៅ​អ្នករត់តុ៖
“ជួយ​យក​អំបិល​អោយខ្ញុំបានទេ? ខ្ញុំចង់ដាក់អំបិលក្នុងកាហ្វេខ្ញុំ”
គ្រប់ៗគ្នា​ក្រឡេកមើលទៅគេ​យ៉ាងចំឡែក! មុខគេឡើងក្រហម តែ​គេនៅតែដាក់អំបិលក្នុងកាហ្វេ ហើយលើកផឹក។
នាងសួរគេដោយចង់ដឹង​ថា៖​ ហេតុអីក៏ចូលចិត្តចឹង?
គេ​ឆ្លើយថា៖ “កាលពីខ្ញុំនៅ​ជាកូនក្មេង ខ្ញុំរស់នៅក្បែរសមុទ្រ។ ខ្ញុំចូល​ចិត្តលេង​ទឹកសមុទ្រ។ ខ្ញុំនឹកឃើញ​រសជាតិទឹកសមុទ្រ​ដូចរសជាតិ​កាហ្វេនេះអញ្ចឹង។ ឥលូវអោយតែខ្ញុំផឹកកាហ្វេប្រៃ ខ្ញុំតែងតែនឹកឃើញ​កុមារភាព​របស់ខ្ញុំ, នឹកឃើញ​ស្រុកកំណើត, នឹកលោកពុក​អ្នកម៉ែ​កំពុងរស់នៅទីនោះ។”
ពេលកំពុងនិយាយ ភ្នែកគេពោរពេញដោយទឹកភ្នែក។ នាងពិតជារំជួលចិត្តណាស់។
នោះជា​អារម្មណ៍ពិតរបស់គេ ចេញពីក្រ
ឳចិត្ត។ មនុស្សប្រុសម្នាក់​ដែលអាច​និយាយពី​ ភាពនឹកផ្ទះ ប្រាកដគឺ​ជាមនុស្ស​ប្រុស​ម្នាក់​ដែល​ស្រលាញ់ផ្ទះ យកចិត្ត​ទុក​ដាក់ពីផ្ទះ មាន​ទំនួលខុសត្រូវនៅ​ផ្ទះ។ បន្ទាប់មក​ នាង​ក៏ចាប់ផ្ដើម​និយាយ… និយាយពី​ស្រុកកំណើត​ដ៏ឆ្ងាយ​របស់នាង កុមារភាពនាង និង គ្រួសារនាង។ ពេលនោះគឹ​ជាការ​និយាយ​គ្នា​ដ៏ល្អ​មួយ គឺជា​ការចាប់​ផ្ដើម​ដ៏​ស្រស់បំព្រង​នៃ​​រឿងរ៉ាវ​គេទាំងពីរ។ ពួកគេ​នៅតែ​បន្តទាក់ទង​គ្នា។ នាង​ក៏បានដឹង​ថា​ គេ​ជាមនុស្សប្រុស​តែ​ម្នាក់ ដែល​ត្រូវគ្រប់ប្រាថ្នា​របស់នាង, គេ​ចេះ​អត់អោន, មានចិត្តល្អ, កក់ក្ដៅ, ម៉ត់ចត់។ គេ​ជា​មនុស្សប្រុសដ៏ល្អ​ម្នាក់ តែ​នាង​ប៊ិះ​តែមើល​រំលង​គេទៅ​ហើយ​។
អរគុណដល់​កាហ្វេ​ប្រៃ​របស់គេ! រឿងរ៉ាវអ្នកទាំងពីរ ដូចទៅនឹង​រឿងរ៉ាវស្នេហា​ដ៏ផូរផង់មួយផងដែរ។ ព្រះអង្គម្ចាស់​រៀបការ​ជាមួយ​ព្រះនាងម្ចាស់ ហើយពួកគេ​រស់នៅដោយរីករាយ។ ហើយ​រាល់ពេល​ដែល​នាង​ឆុងកាហ្វេ​អោយគេ នាង​តែងតែ​ដាក់​អំបិល​បន្តិច​ក្នុង​នោះ ដោយសារនាង​ដឹង​ថាគាត់ចូលចិត្ត​បែបនេះ។
អស់រយះពេល ៤០ ឆ្នាំ​កន្លងទៅ គេ​បានលាចាកលោក ទុកសំបុត្រ​មួយច្បាប់​អោយ​នាង ដែល​សរសេរ​ថា៖
“អូន​សំឡាញ់! សូមអូនអភ័យទោសអោយ​បងផង អភ័យទោស​អោយ​ជិវិតបងទាំងមូល​ដែល​កុហក​អូន។ នោះ​គឺជា​ការកុហក​តែ​មួយគត់ដែល​បង​និយាយទៅ​អូន គឺ​រឿងកាហ្វេ​ប្រៃ។ អូននៅចាំពេលដំបូង​យើងណាត់គ្នាទេ? បង​ភ័យណាស់ពេលនោះ។ តាមពិតបង​ចង់បានស្ករ តែ​បងបែរជានិយាយថាអំបិល។ កាលនោះ​វាពិបាក​ណាស់​សំរាប់​បង តែ​បង​ក៏ព្រម​ផឹកទៅ។ បងមិនបាន​រំពឹងថា​វា​ជាការ​ចាប់ផ្ដើម​ស្គាល់គ្នា​ដំបូង​របស់​យើង​ឡើយ! បង​ព្យាយាម​ប្រាប់​ការ​ពិត​ទៅ​អូន​ច្រើន​ដង​មក​ហើយក្នុង​ជីវិត​បង តែ​បង​មិនហ៊ាន ដោយសារ​តែ​បងបាន​សន្យា​មិនកុហកអ្វី​អូន​ទេ។
ឥលូវ​បង​កំពុងតែ​លា​ចាកលោក​នេះ​ហើយ បង​លែង​ខ្លាច​អ្វី​ហើយ ដូច្នេះ​បងចង់ប្រាប់ការពិត​ទៅ​អូន។ បង​មិន​ចូល​ចិត្ត​កាហ្វេប្រៃ​ទេ។​ រសជាតិវាចំលែកណាស់ តែបង​បានផឹកកាហ្វេប្រៃ​រហូតមក។ តាំងពី​បង​ស្គាល់​អូន បង​មិនដែល​សោកស្ដាយ​អ្វី​ដែល​បង​បានធ្វើដើម្បីអូន​ទេ។ មាន​អូន​គឺ​ជា​សុភមង្គលដ៏ធំបំផុត​​ក្នុង​ជីវិត​របស់​បង។ បើបងរស់​បាន​លើក​ទីពីរ បង​នៅ​តែ​ចង់​ស្គាល់​អូន ហើយ​នៅ​ជាមួយ​អូនអស់មួយជីវិត ទោះបី​បងត្រូវផឹក​កាហ្វេ​ប្រៃម្ដង​ទៀតក៏ដោយ។”
ទឹកភ្នែក​នាង​ធ្វើ​អោយ​សំបុត្រឡើង​សើម។
ពេលក្រោយមក បើសិនអ្នកណាម្នាក់​សួរនាង​ថា​រសជាតិ​កាហ្វេដាក់អំបិលយ៉ាងណាដែរ នាងនឹងឆ្លើយ​ថា វា​មាន​រសជាតិ “ផ្អែម” ណាស់។

“ស្នេហា ជា​ការ​អត់អោន, យល់ពីគ្នា, រក្សា​គ្នា​ទុក…”

No comments:

Post a Comment