Monday, April 9, 2012

រឿងរ៉ាវស្នេហា​មួយ, ១០០ថ្ងៃ


ពីអ្នកនិពន្ធមិនស្គាល់ឈ្មោះម្នាក់
បកប្រែ និង​ កែសំរួល ដោយ វណ្ណ

រឺទ្ធី និង មាលា កំពុង​អង្គុយ​លើ​សួន គ្មានអ្វីត្រូវធ្វើ ក្រៅពីតែ​ក្រលេក​មើល​មេឃ កំឡុងពេល​មិត្តភក្តិពួកគេ កំពុង​សប្បាយរីករាយ ជាមួយដៃគូគេរៀងៗខ្លួន។
មាលា៖ ខ្ញុំធុញណាស់។ ចង់បានសង្សារម្នាក់ ដើម្បីបានចំណាយពេលជាមួយឥលូវនេះ។
រិទ្ធី៖ ប្រហែលជា​សល់តែយើង​ហើយ​មើលទៅ។ មានតែ​យើង​ទេ ដែល​គ្មាន​សង្សារ។ (អ្នកទាំងពីរ​ដកដង្ហើម​ធំ ហើយ​នៅស្ងៀម​មួយសន្ទុះ)
មាលា៖ ខ្ញុំ​មានគំនិតល្អមួយ។ ចង់លេងល្បែងមួយដែរទេ?
រឹទ្ធី៖ អេ? ល្បែង​អី?
មាលា៖ អឹម… ងាយស្រួលទេ! រឹទ្ធី​ឯង ​ក្លាយជា​មិត្តប្រុស​ខ្ញុំ​ ១០០​ ថ្ងៃ ហើយ​ខ្ញុំ​ក៏ជា​មិត្តស្រី រឺទ្ធី ឯង​ ១០០​ ថ្ងៃ​ដែរ។ ម៉េចដែរ?
រឹទ្ធី៖ បានតើ! តែខ្ញុំ​គ្មានគំរោងត្រូវធ្វើ​ផង ប៉ុន្មានខែ​ទៀតនេះ។
មាលា៖ និយាយ​ដូច​គ្មាន​ចង់ធ្វើសង្សារខ្ញុំ​សោះ! រីករាយ​ឡើង! ថ្ងៃនេះ ជាថ្ងៃ ​ស្រឡាញ់គ្នា​ដំបូងរបស់​យើង ហើយ​ក៏ជា​ថ្ងៃ​ណាត់គ្នា​ដំបូង​ដែរ។ យើងគួរ​តែ​ទៅ​ណា​ទៅ?
រឹទ្ធី៖ មើលកុន ម៉ិចដែរ? ខ្ញុំលឺ​ថា​មាន​រឿងមួយល្អ​មើល​ណាស់ នៅរោង​កុន​ឥលូវនេះ។
មាលា៖ ដូចជាគ្មាន​គំនិតអ្វីល្អជាង​នេះ​ដែរ។ តោះទៅចឹង!
ពួកគេ​ទៅមើល​កុន​ជាមួយ​គ្នា​ ហើយ ជូន​គ្នា​ទៅផ្ទះរៀងខ្លួន។

ថ្ងៃទី២
រឹទ្ធី និង​ មាលា​ ទៅមើល​តន្រ្តី​ជាមួយ​គ្នា, ហើយ​ រឺទ្ធី ទិញបន្តោងសោរូប​ផ្កាយ​​មួយ​ជូន មាលា។

ថ្ងៃទី៣
ពួកគេ​នាំ​គ្នាទៅ​ទិញឥវ៉ាន់​សំរាប់​​អំណោយ​ខួប​កំណើត​មិត្តភក្តិ នៅ​ផ្សារ​សូរិយា ជាមួយគ្នា។ ទៅញ៉ាំ​ការ៉េម នៅ​ Swensen’s ជាមួយគ្នា ហើយ​អោប​គ្នាជាលើក​ដំបូង។

ថ្ងៃទី៧
រឹទ្ធី​ នាំ មាលា ទៅកំពង់សោម ហើយ​ពួកគេ​មើល​ថ្ងៃលិច​ជាមួយ​គ្នា។ ពេល​យប់មកដល់​ ហើយ​ព្រះច័ន្ទ​ក៏បញ្ចេញ​ពន្លឺ​យ៉ាង​ស្រទន់ ពួកគេ​អង្គុយ​លើ​ស្មៅ​មើល​ផ្កាយ​ជាមួយ​គ្នា។ ផ្កាយដុះកន្ទុយ​មួយ​ ហោះកាត់មុខគេ​ទាំងពីរ ហើយ​ មាលា និយាយអី្វម្យ៉ាង​តិចៗម្នាក់ឯង។

ថ្ងៃទី២៥
ពួកគេ​ចំណាយ​ពេល​នៅ​មាត់ទន្លេ ហើយ​បន្ទាប់មក​ទៅ Lucky Burger ហើយ​ញ៉ាំប្រហិត និង ស្ករសំឡី។ រឺទ្ធី និង មាលា ចូលទៅផ្សារ​សុវណ្ណា ហើយ មាលា ច្រឡំចាប់ដៃអ្នក​ផ្សេង ជំនួស រឹទ្ធី ដោយចៃដន្យ។ ពួកគេមើល​មុខ​សើច​ជាមួយ​គ្នា។

ថ្ងៃទី៦៧
ពួកគេ​ជិះ​កាត់​មាត់ទន្លេពេលល្ងាច ហើយ ទៅ​រក​គ្រូទាយ​ម្នាក់ ហើយ​គាត់គ្រាន់​តែ​និយាយ​ថា ៖ ត្រូវរក្សាពេល​វេលា​ជាមួយ​គ្នា​អោយ​មាន​តំលៃ​ពីពេល​នេះទៅ! ហើយ​ទឹកភ្នែកហូរ​កាត់ថ្ពាល់​គ្រូទាយយ៉ាងចំឡែក។

ថ្ងៃទី៨៤
មាលា ចង់ទៅ​បាក់ខែង។ វាមិនសូវមាន​មនុស្ស​ទេ​ពេលនោះ។ ពួកគេ​បាន​ថើប​គ្នា​លើក​ដំបូង ពេល​ព្រះអាទិត្យ​កំពុង​លិច។

ថ្ងៃទី ៩៩
ពួកគេជ្រើសរើស​ថា​នឹងដើរលេងដូចថ្ងៃធម្មតា។ ពួកគេដើរលេជុំវិញទីក្រុង ហើយពួកគេអង្គុយលើបង់មួយ។

១‍‍៖២៣នាទី
មាលា៖ ខ្ញុំស្រេកទឹក។ ទៅអង្គុយលេងបន្តិចទៅ។
រឹទ្ធី៖ ចាំតិច។ ខ្ញុំទៅទិញទឹកមកអោយ។ ចូលចិត្តទឹកអីដែរ?
មាលា៖ អឹម…ទឹកក្រូចទៅចឹង។

១៖៤៣នាទី
មាលា​ចាំ​អស់​រយះពេល​២០នាទី​ហើយ តែរឹទ្ធី​មិនទាន់ត្រលប់មកវិញទៀត។ បន្ទាប់មក​មាន​មនុស្សម្នាក់​ដើរមក​កាន់​នាង។
អ្នកដំណើរ៖ នាង​ឈ្មោះ​ មាលា មែន?
មាលា៖ ចាស៎។ មានរឿងអីដែរ?
អ្នកដំណើរ៖ ទើបតែអប្បាញ់ម៉ិញនេះ មាន​អ្នកបើកបរ​ស្រវឹងម្នាក់បុកមនុស្សប្រុស​ម្នាក់​នៅផ្លូវឯណោះ។ ខ្ញុំ​គិត​ថា​គេ​ជា​មិត្តភក្តិ​នាង។
មាលា រត់យ៉ាងប្រញ៉ាប់ជាមួយ​អ្នក​ដំណើរនោះ ហើយ​ឃើញ​ រឹទ្ធី ដួល​ដេកនៅ​លើ​ដី​ មុខពេញ​ដោយ​ឈាម ហើយ​ទឹក​ក្រូច​នៅ​នឹងដៃ​គេ​នៅ​ឡើយ។ រថយន្តសង្រ្គោះ​មកដល់ ហើយនាង​ទៅ​មន្ទីរពេទ្យ​ជាមួយ​ រឹទ្ធី។ មាលា​ អង្គុយនៅ​ខាង​ក្រៅ​បន្ទប់​សង្រ្គោះបន្ទាន់ អស់ប្រាំម៉ោងកន្លះហើយ។ វេជ្ជបណ្ឌិត ដើរចេញ​មក​ក្រៅ ហើយ​ដក​ដង្ហើម​ធំ។

១១៖៥១នាទី
វេជ្ជបណ្ឌិត៖ ខ្ញុំ​សូមទោស តែ​យើង​ខិតខំអស់ពីសមត្ថភាពហើយ។ គេ​នៅ​ដកដង្ហើម តែគេ​នឹង​ឃ្លាត​ពី​យើង​ឆាប់ៗ​នេះ​ហើយ។ យើង​រក​ឃើញ​សំបុត្រនេះ​ក្នុង​ហោប៉ាវខោគេ។
លោកវេជ្ជបណ្ឌិត ប្រគល់​សំបុត្រ​អោយទៅ​ មាលា ហើយ​នាង​ក៏ចូល​ទៅ​ក្នុង​បន្ទប់​មើល​ រឹទ្ធី។​ គេ​មើល​ទៅទន់ខ្សោយ​ តែដូច​ជា​ស្ងប់ណាស់។ មាលា អានសំបុត្រហើយ​យំយ៉ាងខ្លាំង។ នេះ​ជា​សេចក្តីសំបុត្រ៖
“មាលា! ១០០ថ្ងៃ​របស់​យើង​ជិតចប់​ហើយ។ ខ្ញុំសប្បាយ​ណាស់​ជាមួយ​នាង​អស់រយះពេលនេះ។ ទោះបី​ជានាង​លោភ​បន្តិច​ ហើយ​ជួនកាល​មិនសូវ​ចេះគិត តែគ្រប់រឿងទាំង​នេះ​ធ្វើ​អោយ​ជីវិត​ខ្ញុំ​មាន​សេចក្តី​សុខ។ ខ្ញុំ​បាន​ចាប់អារម្មណ៍​ថា​នាង​ជា​នារី​ដែល​គួរអោយ​ស្រលាញ់ណាស់ ហើយ​ខ្ញុំ​បន្ទោស​ខ្លួន​ឯង ដែល​មិនបាន​ចំណាយ​ពេល​ស្គាល់នាង​ពី​មុន។ ខ្ញុំ​គ្មាន​ចង់បាន​អ្វី​ច្រើន​ទេ​ តែ​ខ្ញុំ​បន់ស្រន់​សូមអោយ​យើង​អាច​ពន្យា​ពេល​ស្រលាញ់គ្នា​បានយូរ​ទៀត។ ខ្ញុំ​ចង់ក្លាយ​ជា​មិត្តប្រុស​របស់​នាងជារៀងរហូត ហើយ​សូម​អោយ​នាង​នៅ​ជាមួយ​ខ្ញុំ​គ្រប់ពេល។ មាលា បង​ស្រលាញ់​អូន!”

១១៖៥៨​នាទី
មាលា៖ (កំពុង​តែ​ក្សឹកក្សួល) រឹទ្ធី! បងដឹង​ទេ​ថា​អូន​ប្រាថ្នា​អ្វី ពេល​យប់​មាន​ផ្កាយដុះ​កន្ទុយនោះ? អូន​សូមអោយ​យើង​នៅ​ជាមួយ​គ្នា​ជារៀងរហូត។ យើងមិន​មែន​មាន​តែ​១០០​ថ្ងៃ​នេះ​ទេ រឹទ្ធី! បង​មិនអាច​ចោល​អូនឥលូវនេះ​បានទេ! អូន​ស្រលាញ់​បង តែបង​អាច​ត្រលប់​មក​វិញ​ឥលូវ​នេះ​បាន​ទេ? អូនស្រលាញ់​បង រឹទ្ធី។ អូន​ស្រលាញ់​បង។
នៅ​ពេល​នាឡិកា​ចង្អុល​ម៉ោង ១២ បេះដូង​ រឹទ្ធី ក៏ឈប់​ដើរ។ វាគ្រប់​១០០ថ្ងៃគត់។

No comments:

Post a Comment