Friday, February 24, 2012

មូលហេតុអ្នកគួរតែទៅ​ហាងអ៊ីនធើណេតសាធារណៈ យូរៗម្ដង

ទោះជាអ្នកមានសមត្ថភាព​ភ្ជាប់អ៊ីនធើណេតដោយខ្លួនអ្នក​ក៏ដោយ ក៏ការទៅអង្គុយលេងអ៊ីនធើណេតនៅ​ហាងអ៊ីនធើណេត​ ម្ដងម្កាល​សំរាប់កំសាន្ដ ពិតជា​ជំរើស​ដ៏ល្អមួយ​។

DSC09090

ការកំសាន្ដតាម​អ៊ីនធើណេត​ពិតជារឿងដែល​សប្បាយ ចំណាយតិច និង ងាយស្រួល​​មួយ​ដែល​អ្នក​ណាៗដែលចូលចិត្តអ៊ីនធើណេត រួមទាំងខ្ញុំផងដែរ​ទំលាប់ធ្វើជារៀងរាល់ថ្ងៃ ​។ កំរិតប្រើប្រាស់​អ៊ីនធើណេត នៅកម្ពុជា​នៅតែជាកង្វល់រួម​មួយ តែយ៉ាងណាម៉ិញ សំរាប់អ្នកដែលមានឱកាស​គ្រប់​គ្រាន់​មានអ៊ិនធើណេត​ផ្ទាល់ខ្លួន ហាក់ដូចជាបាន​ភៀសខ្លួនទៅរកពិភពឯកជន​រួចរាល់ទៅហើយ។ ពិតណាស់ ឯកជនភាព នៅលើពិភពអ៊ីនធើណេត ដែលនរណាៗក៏មានសិទ្ធិប្រើប្រាស់ តែងតែ​ជាចំនុចសំខាន់មួយ​ ត្បិត​អ្នក​មិនចង់អោយ​នរណាផ្សេង​ទៀត​ដឹងថាអ្នកធ្វើ​អ្វីទេ​លើពិភពអ៊ីនធើណេតនេះទេ។

តែការលេងអ៊ិនធើណេតសំរាប់​កំសាន្ដវិញ ដូចជាគ្មានអ្វីត្រូវបារម្ភពី​ឯកជនភាពនោះទេ ព្រោះអ្នក​មិនបាន​ប្រើប្រាស់ពត៌មាន​ផ្ទាល់ខ្លួនឯណា ឧទាហរណ៍​រាល់ពេល​អ្នកស្ដាប់ចំរៀងនោះ។ ករណីនេះ អ្នកស្វែងរក​ការកំសាន្ដ​ផ្សេងៗ ដូចជា ដោនឡូដ​ចំរៀង​ទុកស្ដាប់លេង រឺ វីដេអូ​ផ្សេងៗសំរាប់កែអផ្សុក រឺ លេង​ហ្គេម​ជាក្រុម​ដើម្បីបន្ថយភាពតានតឹង រឺ ចូលទៅអាន​ពត៌មាន​ទុកគ្រាន់ជាទុន​ពេលទំនេរ រឺ មើលពី​នេះ​ពីនោះ ដើម្បីស្វែងរករបស់ថ្មី គ្រាន់ធ្វើអោយ​អ្នក​រំភើប។​ ជារួម អ្នកចូលចិត្ត​អ្វីដែល​ថ្មី ហើយ​នឹងអ្វីដែលមនុស្សគ្រប់គ្នាកំពុងចាប់អារម្មណ៍។ អាហា! អ្នកធ្វើដូចម្ដេច​ រកបាន​content ថ្មី​ ហើយ កំពុងតែ​ត្រូវបានចាប់អារម្មណ៍​នោះ? ចំលើយ​គឺគោលដៅ​នៃអត្ថបទនេះហើយ!

ការកំសាន្ដ​ថ្មីៗ និង​ កំពុងតែ​ពេញនិយម

DSC09086 អ្វីដែល​អ្នក​គួរធ្វើ​ដើម្បីរក​របស់កំសាន្ដថ្មីៗ នោះ គឺ​ទៅហាងអ៊ិនធើណេត។ ធម្មតា​មាន​មនុស្សជា​ច្រើន​ ចូលទៅហាង​អ៊ីនធើណេត ហើយមួយចំនួនធំ​នៃ​អ្នក​ទាំង​នោះ ​ក៏ទៅ​រក​ការ​កំសាន្ដ​ដែរ។ ធម្មតា​ពួកគេ​នឹង​ដោនឡូដ​យក​អ្វីៗ​ថ្មី​ទៅ​ក្នុង​កំព្យូទ័រ​សាធារណៈទាំងនោះ រួមទាំង​ម្ចាស់ហាង​អ៊ីនធើណេត​ផងដែរ ជាឧទាហរណ៍​ ម្ចាស់ហាង​ខ្លះ​ដាក់ចំរៀង​អោយ​អ្នក​មកប្រើប្រាស់នៅ​លើ​បណ្ដាញNetwork របស់គេ​ ដោយមិនចាំបាច់ចូល​ទៅ​អ៊ីនធើណេត​តែ​ម្ដង។ អ្នក​ដែល​មក​កំសាន្ដ​នៅ​ហាង​អ៊ិនធើណេត​ពិតជា​មានចំនួនច្រើន និង មាន​ចំណូលចិត្ត​ប្លែកៗគ្នា​ជាច្រើន ដូច្នេះ​អ្នក​ប្រាកដជាមាន​ឱកាស​ទៅ​ copy យក​វីដេអូ, ចំរៀងដែលពួក​គេបាន​ដោនឡូដហើយ ទាំងនោះ​មក​ទុក​កំសាន្ដ​ខ្លួន​ឯង​ផ្ទាល់។ អ្នក​ប្រាកដជា​រកឃើញ​ វីដេអូ ណាមួយដែល​គេ​បាន​ទាញយក​រួចមកហើយ ត្រូវចិត្តអ្នក​ជា​មិនខាន ត្បិត​យ៉ាងហោចណាស់​ក៏មាន​អ្នក​ណា​ម្នាក់​លើ​លោក​នេះ មាន​ចំណូលចិត្ត​ដូចអ្នក​ដែរ។ អញ្ចឹង​ ហើយ​អ្នក​ប្រាកដជារក​បាន​អ្វី​ដែល​ថ្មី ហើយ​ត្រូវចិត្តអ្នក​ជាមិនខាន។ ជាងនេះ​ទៅទៀត ដោយសារតែ​មនុស្សម្នា ដែល​មានចំណូលចិត្តខុស​គ្នាទាំងនោះ​ ចូល​ទៅ​កំសាន្ដ​តែ​លើ​កុំព្យូទ័រតែមួយ វាជាហេតុធ្វើអោយ​អ្នក​ដឹងថា​ តើ​ចំរៀង​មួយណាដែល​កំពុង​ទាញចំណាប់អារម្មណ៍ខ្លាំង។ អ្នកដែល​ចាប់អារម្មណ៍ដែរ​ទេថា​ ផលិតកម្មចំរៀងថ្មីៗមួយចំនួន​ពិតជា​មាន​ចំរៀង​ពិរោះៗខ្លាំងណាស់ ហើយ​ផលិតកម្មខ្លះ​មិនផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ទាល់តែសោះ តែពួកគេអាចទទួលបាន​កេរ្តិ៍ឈ្មោះ? នេះក៏ដោយសារចំរៀងពិរោះៗ ត្រូវអ្នកស្ដាប់ណែនាំបន្ដៗគ្នា ហើយ​ពេលណាមួយនោះ​ការណែនាំនោះនឹងមក​ដល់អ្នក។​ អ្នកសាកស្ដាប់ចំរៀងដែល​គេដោនឡូដនោះ ហើយ​យល់​ថាវា​ល្អ ដូចនេះ អ្នក​ក៏ណែនាំចំរៀង​នេះ​តទៅទៀត ហើយ​ចូលទៅ​ទាញយក​ចំរៀងបន្ថែមទៀត ដែល​ជាឱកាស​ធ្វើអោយ​អ្នក​ដែល​មក​ហាង​អ៊ីនធើណេតក្រោយៗអ្នក បានស្ដាប់ដែរ។ ជាងនេះ​ទៅទៀត មាន​ចំរៀង​ខ្លះ បាន​បញ្ចេញមកតែលើអ៊ីនធើណេត​តែប៉ុណ្ណោះ ហើយ​ក៏គ្មាន​ឌីសលក់លើទីផ្សារដែរ ត្បិតអ្នកដឹងហើយ​ថា​ខ្លួនអ្នក​និង​មនុស្សជាច្រើន​ចូលចិត្ត​ដោនឡូន ហើយ​ ទីផ្សាថាសចំរៀង​នៅមិនទាន់ល្អ​នៅឡើយ ម្យ៉ាងចំរៀងខ្លះ ជាចំរៀងទោលឯករាជ្យ​គ្មាន​អាល់ប៊ុម ហើយ​អ្នក​ច្រៀង​មិន​ស្វែងរក​កំរៃ ដែល​ជាហេតុធ្វើអោយ​គេ​ទាំងនោះ​បញ្ចេញចំរៀង​គេ​មក​លើ​ទីផ្សារអ៊ីនធើណេត​វិញ។

ពិភពដ៏ធំ

អ្នកគិត​ថា អ្នក​ទាំងនោះ​ក៏ដោនឡូដ​ដែរ ចុះ​ហេតុអ្វី​អ្នក​ត្រូវទៅ​អង្គុយ​នៅ​កន្លែងអ៊ីនធើណេតធ្វើ​អ្វី​ បើអ្នក​អាច​ដោនឡូដ​នៅ​ផ្ទះ​បាន​ដែរ​នោះ? អញ្ចឹង​អ្នក​យក​ឧទាហរណ៍​មួយ​មក​គិត​លេងៗសិន។ តើ​អ្នក​ដឹង​ថា​កន្លែងណា​​ដែល​មាន​នំគ្រួក​ឆ្ងាញ់បំផុត​នៅភ្នំពេញទេ? អ្នក​ពិតជាពិបាកដឹង​ណាស់​ត្បឹត​វា​ហាក់ដូច​ជា​កំពុង​រក​កន្លែង​ដ៏តូច​មួយ​ ក្នុង​តំបន់​មួយ​ដ៏ធំសំបើម​អញ្ចឹង ហើយ​ម្យ៉ាង​គ្មា​ននរណាម្នាក់ណែនាំ​អ្នក​ទាល់តែសោះ ហើយ​កន្លែងលក់នំគ្រួកក៏​មិនដែល​ទៅ​ផ្សាយ​DSC08776 ពាណិជ្ជកម្មតាមទូរទស្សន៍​ដែរ។​ វា​ក៏ដូចជាករណីពិភព​អ៊ីនធើណេត​ដែរ។ ជួនកាល​ ហ្គេម​ដែល​យើងចូលចិត្ត ជាហ្គេម​ដែល​ផលិត​ឡើងដំបូង​​ដោយ​ក្រុមហ៊ុន​តូចមួយ ដែល​គ្មាន​សមត្ថភាព​នឹង​ផ្សាយពាណិជ្ជកម្ម​បាន​ឡើយ​ (ឧ Angry Birds)។ បើអ្នកជា​អ្នក​​ស្គាល់អ៊ីនធើណេត​ម្នាក់ដែរ​នោះ អ្នក​ប្រាកដ​ជាដឹងថា​ពិភពអ៊ីនធើណេត​ពិតជា​ធំសំបើមណាស់ ហើយការស្វែងរក​ហ្គេម​ដែល​ត្រូវចិត្តអ្នកពិតជា​ពិបាក។ ដូច្នេះ បើមាន​នរណា​ម្នាក់មក​ណែនាំអ្នក​ រឺក៏ អោយហ្គេម​ទៅអ្នក​សាកលេង​តែ​ម្ដង វាពិតជារឿងគួរអោយ​ធ្វើ។ អ្នក​ដែល​មក​ណែនាំ​ប្រាកដជាចូលចិត្ត​ហ្គេម​នោះ​ហើយ បាន​ជាគេ​សុខចិត្ត​ណែនាំអ្នក​នោះ។​ យ៉ាងណា​ម៉ិញ​ បើអ្នក​ចូលចិត្ត​ហ្គេម​នោះ​ដែរ​អ្នក​នឹង​ណែនាំទៅគេបន្ដទៀត។ ការណែនាំ​មិនប្រាកដតែ​ជា​ការប្រាប់ដោយផ្ទាល់នោះទេ។ ក្នុងករណីហាងអ៊ីនធើណេតយើង ហ្គេម​ដែល​អ្នក​ដទៃដោនឡូដយក​មក​លេង ក៏គួរតែត្រូវ​អ្នក​សាក​ល្បងលេងផង​ដែរ! ហ្គេមតួយ៉ាង​​ដូច​Angry Birdsដែល​ដំបូង​អោយ​ដោនឡូដដោយ​មិនគិតថ្លៃនោះ បើគ្មាន​អ្នក​ណែនាំ និង អ្នក​ចូលចិត្តច្រើនទេនោះ ហ្គេម​ចេញ​ពីក្រុមហ៊ុន​តូចមួយ​នេះ ក៏គ្មាន​ឈ្មោះដល់ពេលនេះដែរ។ អញ្ចឹង ការ​ទៅអង្គុយនៅហាងអ៊ីនធើណេត​សាធារណៈ ធ្វើអោយអ្នក​អាចនឹងស្វែងរក​ហ្គេម​អ្នកចូលចិត្ត​បាន ក៏ដូចជា​ទៅរក​ហាងនំគ្រួកឆ្ងាញ់​តែ​តូចមួយ​ក្នុង​ក្រុង​បានដែរ។

ដូច្នេះ អ្នក​ដឹង​ហើយ​ថា​ ការចំណាយ​ពេល​វេលា​យូរៗម្ដង ទៅ​ហាង​អ៊ិនធើណេតសាធារណៈ ផ្ដល់អោយ​អ្នក​នូវ របស់​កំសាន្ដ​ ពេញនិយម និង ថ្មីៗជា​ច្រើ​ន​ដែល​អ្នក​អាច​នឹង​មិន​អាច​រក​ឃើញ​ខ្លួន​ឯង​បាន។​ អ្នកអាចនឹងស្វែងរកមិត្តភក្ដិពិតប្រាកដជាច្រើន ហើយក៏ជួបមនុស្សពិតៗ នៅហាងអ៊ីនធើណេត គ្រាន់បើជាង​លេង​នៅ​ផ្ទះ​ម្នាក់​ឯង ហើយស្គាល់គ្នា​តាម​តែ Facebook។ (just saying)

DSC09087

No comments:

Post a Comment