Monday, November 25, 2013

Winamp កម្មវិធី​កុំព្យូទ័រ​ដ៏យូរ​អង្វែង​សំរាប់​លេង​បទ​ចំរៀង កំពុង​ត្រូវ​បញ្ចប់​កេរ្តិ៍​ដំណែល (វិចារណកថា)

កេរ្តិ៍ដំណែល

បើ​សិន​ជា​អ្នក​​អាន​ទាំង​អស់​គ្នា​ធ្លាប់​ចាក់ចំរៀងដោយ​ប្រើ​កុំព្យូទ័រ កាល​ពី​កំឡុង​ចុង​ទស្សវត្ស ៩០ ហើយ​និង​កាល​ពី​កំឡុង​ឆ្នាំ ២០០០ ជាង អ្នក​ទាំងអស់​គ្នា​ប្រហែល​ជា​បាន​ប្រើ​កម្មវិធី​ Winamp ហើយ។ កាល​នោះ វា​ល្បី​ណាស់។ វា​ក្លាយ​ជា​កម្មវិធី​ស្តង់ដារ​ សំរាប់​ចាក់ចំរៀង​ក្នុង​កុំព្យូទ័រ​ទៅហើយ ដោយសារ​ វា​ចាប់​ផ្ដើម​ដើរ​រហ័ស ហើយ​ស្គាល់​ប្រភេទ​ចំរៀង​ច្រើន​។ ជាង​នេះ​ទៅ​ទៀត Winamp ធ្វើ​អោយ​គ្រប់​ៗគ្នា​ មាន​កម្មវិធី​ចាក់ចំរៀង​ដែល​មាន​រូប​រាង​​ដោយឡែក​ ផ្សេងៗ​គ្នា​ ទៅ​តាម​ចំណូល​ចិត្ត​ របស់​អ្នក​ស្ដាប់។ វា​ត្រូវ​បាន​គេ​ដោនឡូដ​យក​ប្រហែល៣​លានដង​ កំឡុង​ពេល​ដែល​កម្មវិធី​នេះ​ចាប់​ផ្ដើម​បាន​ទើប​តែ​ប្រហែល ១​ ឆ្នាំ​ជាង​ ហើយ​មិន​ទាន់​ទាំង​បាន​ចូល កំណែ (Version) ទី​២ ផង។ ឥលូវ​នេះ កំណែ​ដែល​ថ្មី​ជាង​គេ​បំផុត​របស់​ Winamp គឺទី 5.6.6 ហើយ​ប្រហែល​ជា​កំណែ​ចុង​ក្រោយ​បំផុត មុន​ពេល​កម្មវិធី​ចាស់​ក្រែល​នេះ ត្រូវ​បាន​គេ​រុញ​ចូល​ក្នុង​កេះ​ទុក​ចោល​ នៅ​ចុង​ឆ្នាំ​នេះ។



អារម្មណ៍​កាល​ពី​ក្មេង

ត្រឹម​ត្រូវ​ ហើយ​ដែល​ពេល​ដែល​ខ្ញុំ​ប្រើ​ប្រាស់​ Winamp វា​តែង​តែ​មាន​អារម្មណ៍​ថា​ កំពុងតែ​រំលឹក​អតីតកាល ពេល​ដែល​នៅ​លេង​ហ្គេម​កុំព្យូទ័រ​ តាម​ Network ជាមួយ​ នឹង​ពួក​ម៉ាក​ក្មេងៗ ហើយ​ចាក់​ចំរៀង​ចោល​ជា​ Background កំដរ​ពេល​លេង​ហ្គេម​។ ម្នាក់​មាន​ Winamp មួយ ហើយ​ពេល​បើក​ Speaker ក្នុង​ពេល​ជាមួយ​គ្នា ធ្វើ​អោយ​លឺ​សូរ​សំលេង​ចំរៀង​ជា​ច្រើន​មិន​ដឹង​ជា​បទ​ណា​ របស់​កុំព្យូទ័រ​ណា។ អស្ចារ្យ​ណាស់។ ហើយ​បើ​ចង់​បាន​អារម្មណ៍​នេះ​ខ្លាំង​ជាង​នេះ​ទៀត គឺ​ប្ដូរ​ Skin របស់ Winamp Modern អោយ​ទៅ​ជា​ Classic ដូច​ដែល​កាល​រាង​ដើម​របស់​វា កាល​ពី​ជំនាន់​នោះថែម​ទៀត។
Winamp Modern ប្រើ Classic skin

សមត្ថភាព

អូ! បើ​និយាយ​ពី​សមត្ថភាពវិញ គឺ​ខ្លាំង​តែ​ម្ដង។ មិន​មែន​សុខៗ មាន​មនុស្ស​ជា​ច្រើន​ដោន​ឡូដ និង​ ប្រើប្រាស់ Winamp រាប់​លាន​នាក់​​ទេ។ វា​ជា​កម្មវិធី​ដំបូង (ដែល​ខ្ញុំឃើញ) មាន​ទំហំ​តូច ចាប់​ផ្ដើម​លឿន ស្គាល់​ចំរៀង​បាន​ច្រើន​ប្រភេទ ហើយ​មាន​អេគុយ (Equalizer) មួយ​ឡូយ​របស់​គេ។ វា​មាន​ Playlist សំរាប់​ដាក់​តំរង់​ជួរ​ បទ​ចំរៀង​ដែល​ចង់​ចាក់​បន្ត​បន្ទាប់​គ្នា ហើយ​សូម្បី​តែ​ Save playlist នោះ​ទុក​ពេល​ក្រោយ​ស្ដាប់ ពេល​ចំ​អារម្មណ៍​ផង​ដែរ។
Skin S7Reflex ដែល​ជា​Skin ដែល​អាច​ដោនឡូដ​បាន

កំណែ​ក្រោយ​មក​ទៀត ឃើញ​វា​ចាប់​ផ្ដើម​មាន Skin ដែល​អ្នក​ស្ដាប់​អាច​កែ តាម​អារម្មណ៍ ចំណង់ចំណូល​ចិត្ត ហើយ​បើ​ខ្ជិល​ទេ ដោនឡូដ​ យក​ពី​ winamp.com តែ​ម្ដង​ក៏​បាន។ មាន​ទាំង Plug-ins សំរាប់​កែ​អ្វី​ៗ​ក្នុង Winamp តាំង​ពី​ឡូយៗ រហូត​ដល់ ឡប់ៗ។ មាន​ទាំង Plug-in ​សំលេង​ដែល​ចេញ​ទៅ អោយ​លឺ Surround ឬ ក៏​លឺ​ដូច​ខ្មោច។ Plug-ins សំរាប់ Crossfade ចំរៀង​ (កាល​ជំនាន់ មិន​ទាន់​មាន​ Crossfade) ហើយ​រាប់​ដល់​ទាំង Plug-ins សំរាប់លេង​ហ្គេម Nintendo ឬ​ ក៏​ជា​ Messenger ផង។ មាន​ Plug-ins រាប់​រយ គ្រាន់​តែ​សំរាប់​ Visualization តែ​មួយ។
កំណែ​ថ្មីៗ មាន​ទាំង សេវាកម្ម Online ដូច​ជា​ វិទ្យុ Online (Shoutcast), CD Rip ទៅ​ជា​ចំរៀង​ច្រើន​ប្រភេទ ហើយ​ល្បឿន​លឿនផង។

ភាព​ដោយ​ឡែក

អ្វី​ដែល​ជំរុញ​ចិត្ត​ខ្ញុំ​អោយ​នៅ​តែ​ប្រើ Winamp គឺ​មិន​មែន​គ្រាន់​តែ​ដោយ​សារ​អារម្មណ៍​ពី​អតីតកាល​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ចូល​ចិត្តសេរីភាព​ក្នុង​ការ​កែ​ប្រែ​ បន្ថែម​ បន្ថយ នៅ​ក្នុង​ Winamp។ ខ្ញុំ​ធ្លាប់​ធ្វើ​ Skin កាល​ជំនាន់​ Winamp ដំបូងៗ ដោយសារ​តែ​វា​ងាយ​ស្រួល​កែ​ខ្លាំង​ណាស់ ហើយ​សូម្បី​តែ​ព៌ណ​របស់ Winamp ក៏​ខ្ញុំ​អាច​ដូរ​បាន​យ៉ាង​រហ័ស​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ Skin ផ្ទាល់​ខ្លួន​ឡើយ។ ខ្ញុំ​ចូល​ចិត្ត​ដែល​ Winamp ជា​កម្មវិធី​មួយ​ ដែល​មាន​សមត្ថភាព​គ្រប់​យ៉ាង​ដែល​អ្នក​ស្ដាប់​ចំរៀង​ត្រូវ​ការ។ វា​មាន​ Equalizer ដែល​គ្រប់​គ្រាន់ ហើយ​បើ​ត្រូវ​ការ​មាន បង់ (Bands) បន្ថែម គឺ​គ្រាន់​តែ​ទៅ​ដោនឡូដ​ Plug-ins​ ពី​ Winamp.com ក៏​រួច​ជា​ស្រេច​ទៅ​ហើយ។ វា​មាន​ Global Hotkeys ដែល​ខ្ញុំ​អាច​ប្ដូរ​បទចំរៀង ដោយ​មិន​ចាំបាច់ Minimize កម្មវិធី​ដែល​ខ្ញុំ​កំពុង​ប្រើ​ឡើយ (ជាពិសេសពេល​កំពុង​លេង​ហ្គេម​ជាដើម)។ វា​មាន​ Gracenote ដែល​ស្គាល់​ចំណង​ជើង​បទ​ចំរៀង​បរទេស​ខ្លួន​វា។ ខ្ញុំ​ធ្លាប់​អង្គុយ​កែ AVS Visualization ហើយ​ឃើញ​ថា​វា​ឡូយ។ វា​ស្វែង​រក​បទ​ចំរៀង​ថ្មី យ៉ាង​រហ័ស។​ និយាយ​អោយ​ខ្លី​ទៅ គឺ​វា​មាន​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ការ ពី​កម្មវិធី​ចាក់​ចំរៀង​មួយ។
Screenshot របស់​ Winamp នៅ​ក្នុង​កុំព្យូទ័រ​ខ្ញុំ


Winamp ត្រូវ​គេ​បិទ

Winamp ត្រូវ​បាន​គេ​លក់​អោយ AOL កាល​ពី​ឆ្នាំ​ ១៩៩៩។ បុគ្គលិក​ Winamp លែង​មាន​​គំនិត​ប្លែក​ៗ​ដូច​មុន ដោយ​សារ​របៀប​ដឹក​នាំ​ថ្មី​ ក្រោម​ក្រុមហ៊ុន​មេ​មួយ​ថ្មី (យោង​តាម​ Winamp Blog)។ ដោយ​សារ​ តែ​ Winamp រត់​មិន​ទាន់​របត់​ថ្មី​របស់​កម្មវិធី​ចាក់​ចំរៀង​ ទើប​ធ្វើ​អោយ កម្មវិធី​ផ្សេងៗ​ដូច​ជា iTunes ឬ Windows Media Player លប់​ពី​លើ។ គំនិត​ដែល​កម្មវិធី​ចំរៀង​មួយ​អាច ចាក់​ចំរៀង ទិញ​ចំរៀង Syncចំរៀង​ចូល​iPod ក្លាយ​ជា​របត់​ថ្មី។ ជាង​នេះទៅទៀត កម្មវិធី​វិទ្យុ Online ជា​ច្រើន (Play Music, Spotify) ធ្វើ​អោយ​អ្នក​ស្ដាប់​លែង​ត្រូវ​ការ​ដោនឡូដ​ចំរៀង​ទុក​ក្នុង​ Hard Disk ទៀត ហើយ​ក៏​ធ្វើ​អោយ​ Winamp ខ្សោយ​ទៅៗ។

យ៉ាង​ណា​ក៏​ដោយ​ Winamp នៅ​តែ​ជា «ព្រឹទ្ធាចារ្យ» នៅ​ក្នុង​ប្រភេទ​កម្មវិធី​ចាក់​ចំរៀង ហើយ​សូម្បី​តែ​ផ្នែក​ខ្លះ​របស់​សមត្ថភាព Winamp ត្រូវ​បាន​គេ​ទិញ​យក​ទៅ​ដាក់​ក្នុង​កម្មវិធី​ផ្សេងៗ​ ដូច​ជា Milkdrop ទៅ​ក្នុង​ iTunes ជា​ដើម។ គួរ​អោយ​សោក​ស្ដាយ ដែល​ Winamp នឹង​ត្រូវ​គេ​បិទ​មិន​អោយ​ដោនឡូដ​តទៅ​ទៀត ហើយ Winamp.com ក៏​លែង​មាន ចាប់​ពី​ថ្ងៃទី ២០ ខែ​ធ្នូ ឆ្នាំ ២០១៣​ នេះ​ត​ទៅ។ តែ​ Winamp នៅ​តែ​ខ្លាំង ហើយ​សង្ឃឹម​ថា​ នឹង​មាន​មនុស្សចែក​ចាយ​ Winamp នៅ​លើ​អ៊ីនធើណេត​ ត​ទៅ​ទៀត។
Screenshot នៅ​លើ Winamp.com


UPDATE: មាន​ពត៌មាន​ប្រាប់​ថា Microsoft កំពុង​ពិភាក្សា​ទិញ Winamp ពី AOL។ បើ​សិន​ត្រូវ​ថ្លៃ​គ្នា យើង​អាច​នឹង​ឃើញ​ Winamp រស់​ឡើង​វិញ ឬ សមត្ថភាព​ដើម​របស់​ Winamp​ នៅ ក្នុង​ឧបករណ៍ ឬ កម្មវិធី​ថ្មីៗ​របស់​ Microsoft។
Creative Commons License
Winamp កម្មវិធី​កុំព្យូទ័រ​ដ៏យូរ​អង្វែង​សំរាប់​លេង​បទ​ចំរៀង កំពុង​ត្រូវ​បញ្ចប់​កេរ្តិ៍​ដំណែល (វិចារណកថា) by Vann is licensed under a Creative Commons Attribution-NonCommercial-ShareAlike 3.0 Unported License.
Based on a work at http://saidbyvann.blogspot.com/2013/11/winamp.html.

1 comment:

  1. If you're attempting to burn fat then you need to try this totally brand new personalized keto meal plan diet.

    To create this service, certified nutritionists, fitness trainers, and professional chefs joined together to provide keto meal plans that are powerful, decent, price-efficient, and delicious.

    Since their first launch in January 2019, 1000's of individuals have already completely transformed their body and health with the benefits a good keto meal plan diet can provide.

    Speaking of benefits: in this link, you'll discover 8 scientifically-proven ones given by the keto meal plan diet.

    ReplyDelete