Monday, June 20, 2011

ជំងឺ​ប្រគ្រីវ រឺ រឹង​ក្រញ៉ដៃ ក្រញ៉​ជើង (Gout) ៖ ជំងឺ​ដែល​គួរអោយខ្លាច

 
ជំងឺប្រគ្រីវ រឺ ជំងឺ Gout ជាភាសា​អង់គ្លេស គឺ​ជា​ជំងឺ​ដែល​បណ្ដាល​មក​ពី​វិបត្តិ​ មេតាបូលីស​[1]អាស៊ីត​អៀរិក (Uric Acid) ប៉ះពាល់​ភាគច្រើន​ទៅ​លើ មនុស្សប្រុស​វ័យ​កណ្ដាល​-ចាស់ ហើយនិងស្រ្តី​អស់រដូវ។ វា​ស្ដែង​ឡើង​ជា រលាកសន្លាក់​ស្រួចស្រាវ រឺ​ រ៉ាំរ៉ៃ ម្ដងម្កាល, កំណក​អា
ស៊ីត​អៀរិក នៅ​តាមស្បែក និង ជាលិកា​សន្ធាន, ហើយអាច​នឹង​ធ្វើ​អោយមាន​ គ្រួសតំរងនោម។ ការ​ធ្វើរោគ​វិនិច្ឆ័យ និង ព្យាបាល អោយទាន់ពេលវេលា ពិត​ជា​មានសារសំខាន់​ណាស់ ចំពោះ​ជំងឺ​នេះ។
Gout 08

ដើមកំណើត

ប្រគ្រីវ​ មិន​មែន​ជា​ជំងឺ​ថ្មី​ទេ, វា​ត្រូវ​បាន​ លោក​អារីស្តូត​ លើកយក​មក​​បកស្រាយ​ តាំង​ពីប្រហែល​ ២៥០០ ឆ្នាំ​មុន​មក​ម្ល៉េះ។ វា​ជា​ជំងឺ ដែល​កើតឡើង​ភាគ​ច្រើន​ចំពោះ​មនុស្សប្រុស ហើយ​ មាន​មួយចំនួន​លើ​មនុស្សស្រី​អស់រដូវ។ អត្រា​នៃ​ការ​កើត​ជំងឺ​នេះ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង កំរិត នៃ​ការ​លើក​អាស៊ីតអៀរិក ក្នុង​ឈាម (Hyperuricemia)។ អាស៊ីត​អៀរិក​មាន​ដើម​កំណើត​ចំបង​ ពី​កោសិកា, និយាយ​អោយ​ងាយ​ស្ដាប់​ទៅ​ជា​ ជាតិសាច់ (ប្រូតេអ៊ីន) តែ​អាច​មាន​ជំងឺ​មួយ​ចំនួន​ដែរ​ដែល​នាំ​អោយ​កើន​ជាតិ​អាស៊ីត​អៀរិក​ដែរ ដូចជា​ ជំងឺ​បែកគ្រាប់ឈាម ជាទូទៅ កំរិត​អាស៊ីត​អៀរិក ដែល​មាន​តិច​នៅ​កំឡុង​កុមារភាព នឹង​កើនឡើង​នៅពេល​ពេញវ័យ ហើយ​អាច​នឹង​កើនឡើងដល់​ទៅ​ ២ ដង ចំពោះ​មនុស្សប្រុស​ ច្រើន​ជាង​មនុស្សស្រី។ កំរិត​អាស៊ីត​អៀរិក កើនឡើង​ ទៅតាម​អាយុ ចំពោះមនុស្សប្រុស​ និង ស្រី, តែគេ​សង្កេត​ឃើញ​មាន​ការ​កើតឡើងខ្ពស់បន្តិច​ចំពោះ​មនុស្សស្រី​អស់រដូវ។ តែយ៉ាង​ណា​ក៏ដោយ កំរិតអាស៊ីត​អៀរិក នៅ​លើ​មនុស្សប្រុស នៅ​តែ​ខ្ពស់​ជាង​មនុស្ស​ស្រី​ដដែល។ សំរាប់អ្នក​ដែលមាន​កំរិតអាស៊ីត​អៀរិកធម្មតា អត្រា​កើតជំងឺ​ប្រគ្រីវ​ មាន​តិច​ជាង​ ១%។

កំណើន​អាស៊ីតអៀរិក

មូលហេតុចំបង​របស់​ជំងឺ នេះ គឺ​ដោយសារ កំណើន អាស៊ីត​អៀរិក នៅក្នុងឈាម។ នៅ​ពេល​មាន​អតុល្យភាព នៃ ការផលិត លើសពី ការបញ្ចេញ​ចោល អាស៊ីត​អៀរិក, វា​នឹង​ទៅកក​នៅ​កន្លែង​ជាច្រើន ទាំង​ទាល់តែមើល​​​នឹង​មីក្រូទស្សន៍ រហូត​ដល់ដុំ​ធំៗដែល​អាច​មើលឃើញ​នឹង​ភ្នែក​ទទេ។ ការ​ឈឺចាប់ និង​វិបត្តិ​របស់​ជំងឺ​នេះ គឺ​បណ្ដាលដោយសារ​ ការ​បែករបស់​ដុំ អាស៊ីត​អៀរិកនេះ រឺ ការ​កើតឡើង​ថ្មី​ទៀត​របស់​ដុំ។ យ៉ាងណាម៉ិញ ការ​សំយោគ​ អាស៊ីត​អៀរិក ថ្មី ហើយ​និង​ ការ​កើនឡើង​នៃ​អាស៊ីត​នេះ​ក្នុង​ឈាម ក៏ជា​មូលហេតុ​នៃ​ បញ្ហា​កំណក​អាស៊ីតអៀរិក​ដែរ។ តួយ៉ាងដូចជា ភាពខ្សោះ​ទឹក​ក្នុង​ខ្លួន, ការ​បរិភោគ​សុរា, និង ការ​ស្លាប់​របស់​កោសិកាយ៉ាង​ច្រើន​ នៅ​ក្នុង​ការព្យាបាល​មហារីក​ដោយ​គីមី សុទ្ធ​តែ​នាំ​អោយ​មាន​ការ​កើន​ឡើង បណ្ដោះអាសន្ន នូវ​ អាស៊ីត​អៀរិកនេះ។ កំនើត​នៃ​ដុំ​កំណក​អាស៊ីតអៀរិក​ លើ​សន្លាក់ និង​ ទឹក​សន្លាក់ អាច​នាំ​អោយ​មាន​នូវ​ប្រតិកម្ម​ ប្រព័ន្ធ​ភាពស៊ាំ ដែល​នាំអោយ​ ជំងឺ​ប្រគ្រីវ​ កាន់​តែ​ធ្ងន់ទៅៗ។ កន្លែង​ដែល​ប្រឈម​មុខ​ខ្លាំង​នឹង​កំណើន​អាស៊ីតអៀរិក គឺ សន្លាក់(រលាកសន្លាក់) ស្បែក(ដុំ​កំណក) តំរងនោម(គ្រួស)។

ដុំកំណកអាស៊ីតអៀរិក

រលាក​សន្លាក់ ជារោគ​សញ្ញា​សំខាន់​ចំពោះ​ ជំងឺ​ប្រគ្រីវ។ ពីដំបូងៗ វាប៉ះពាល់​តែ​សន្លាក់​មួយ​ប៉ុណ្ណោះ ជាពិសេស​សន្លាក់​ក្រញ៉ដៃទីមួយ តែ​ក្រោយ​មក​វា​នឹង​ប៉ះពាល់​ទៅ​លើ​សន្លាក់​ច្រើនបន្ទាប់មក។ គេ​ក៏​ឧស្សាហ៍ឃើញវា​ប៉ះពាល់ ក្រញ៉ជើង កែងជើង បាតជើង អង្គុញ និង​ ជង្គង់, សន្លាក់តូចៗនៅ​លើដៃ កដៃ កែង​ដៃ ណាស់ដែរ​ តែ​មិន​សូវ​មាន​លើ​សន្លាក់​ត្រគៀក រឺ​ ស្មា ​ទេ។ អ្នក​ជំងឺ ចូល​សំរាន្ត​ដោយ​គ្មាន​រោគ​សញ្ញា​អ្វី តែភ្ញាក់​ឡើង​វិញដោយ​សារ​ សន្លាក់​ដែល​ប៉ះពាល់ ឡើង​ឈឺ ហើម ក្រហម។ អ្នក​ជំងឺ​អាច​នឹង “មិន​អាច​​លើក​ទំងន់ កំរាលពូក​បាន” រឺ មិន​អាច​គ្រប​ភួយ​លើ​ជើង​បាន រឺ មិន​អាច​អោន​ពាក់​ស្រោម​ជើង​។ មូលហេតុ​អាច​ដោយ​សារ នៅ​ពេល​ថ្ងៃ​អ្នក​ជំងឺ​ ឈរ ច្រើន ដែល​ជា​ហេតុ​បណ្ដាល​អោយ ឈាម​ចាល់​ទៅ​លើ​ អវៈយវៈ ខាង​ក្រោម ច្រើន។​ នៅ​ពេល​យប់ សារពាង្គកាយ​ស្រូប​យក​ទឹក​ទៅ​បាន​ស្រួល​ជាង​ អាស៊ីតអៀរិក ដែល​នាំ​អោយ នៅ​សល់​កំរិត​អាស៊ីតអៀរិក​ខ្ពស់​ ហើយ​បន្ទាប់​មក​ កក​ទៅ​ជា​ដុំ។ សីតុណ្ហភាប​ទាប​នៅ​សន្លាក់​អវៈយវៈ​ខាងក្រោម ក៏ជា​កត្តា​បណ្ដាល​អោយ​មាន​កំណក​ដែរ។ ការ​ឈឺ​ចាប់​នៅ​លើ​សន្លាក់​អាច​កើត​មាន ភ្លាម​ៗ ហើយ​នឹង​វិវត្ត​ទៅ​កំរិត​ឈឺ​ចាប់​អតិបរមា​នៅកំឡុង​ពេល​ ៨ ទៅ ១២​ ម៉ោង។​ បើ​សិន​មិន​ព្យាបាល​ ការ​ឈឺចាប់​នេះ អាច​បាត់ទៅ​វិញ​ដោយ​ឯកឯង ក្នុង​រយះពេល​ប្រហែល​ ២​ សប្ដាហ៍។
ការ​កើតមាន​នូវ​ដុំ​កំណក​អាស៊ីត​អៀរិក ជា​សញ្ញាមួយ​ដំបូង​ អោយ​ដឹង​ពី​ជំងឺ​នេះ។ វា​កើត​ញឹកញាប់​នៅ ក្បែ​រសន្លាក់ រឺ លើ​ឆ្អឹង​ខ្ចី​ ដូច​ជា​ស្លឹក​ត្រចៀក​ ជាដើម។
Gout 01 Gout 02 Gout 03 Gout 04 Gout 05 Gout 06 Gout 07 Gout 09 Gout 10

ការប៉ះពាល់តំរងនោម

អ្នក​ជំងឺ​ដែល​មាន​ជំងឺប្រគ្រីវ ប្រឈម​មុខ​ ១០០០ ដង នឹង​គ្រួស​តំរង​នោម​ លើស​មនុស្ស​ធម្មតា។ ផ្ទុយទៅវិញ ជំងឺ​តំរង​នោម អាច​នឹង​កើត​ឡើង​មុន ជំងឺ​ប្រគ្រីវដែរ ចំពោះ​ អ្នក​ជំងឺ ៤០%។

រលាកសន្លាក់រ៉ាំរ៉ៃ

ជំងឺ រលាកសន្លាក់រ៉ាំរ៉ៃ ដោយ​សារ​កំណើន​អាស៊ីតអៀរិក អាច​កើតឡើង​ដោយ​មាន​ រឺ អាច​មិន​ចាំបាច់មាន ជំងឺរលាកសន្លាក់ស្រួចស្រាវ។ នៅ​ដំណាក់កាល​នេះ វា​អាច​មាន​ការ​ភ័ណ្ឌច្រឡំ រវាង ជំងឺ​រលាកសន្លាក់ (Rhumatoid athritis) និង​ ជំងឺ​រលាកសន្លាក់​ដោយសារ​លើសអាស៊ីតអៀរិក​នេះ។

ការពិនិត្យអមគ្លីនិក

ការធ្វើរោគវិនិច្ឆ័យ​អម​គ្លីនិក អាស្រ័យ​ទៅលើ​ របៀបច្រើនដូចជា យក​ដុំ​កំណក​ទៅ​មើល​ក្នុង​មន្ទីរពិសោធ៍ អត្រា​អាស៊ីត​អៀរិក​ក្នុង​ឈាម អត្រា​អាស៊ីត​អៀរិក​ក្នុង​ទឹក​នោម ថត​កាំរស្មី​អ៊ិច…

ការ​ព្យាបាល

ការព្យាបាល​ មាន​ដូច​ជា​ ការព្យាបាល​ការ​ឈឺចាប់ បន្ថយ​កំរិត​អាស៊ីត​អៀរិក​ និង ការ​វះកាត់។
ការគ្រប់គ្រង​របបអាហារ, បរិភោគទឹកច្រើន, គ្រប់គ្រងទំងន់ខ្លួន, ការបន្ថយ​សុរា, ហើយ​នឹង​ការជៀសវៀង​ថ្នាំ​បញ្ចុះទឹកនោម ក៏ត្រូវ​បាន​គេ​ណែនាំ ក្នុង​ការ​គ្រប់គ្រង​អាស៊ីតអៀរិក។

តំណមអាហារ

ការ​ផ្លាស់ប្ដូរ​របប​អាហារ​ អាច​ធ្វើ​អោយប្រសើរឡើង នូវ​កំរិត​អាស៊ីតអៀរិក​អោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង តែកំរ អាច​ការពារ​ការឈឺចាប់លើកក្រោយ និង​ កំណក​អាស៊ីតអៀរិក​ទេ។
សាច់ជ្រូក គ្រឿង​ក្នុង​សត្វ និង បន្លែ​ដែល​សំបូរ​ស្លិក ដូចជា​ ស្ពៃខ្មៅ សំបូរ​ទៅដោយ​សារធាតុដែល​ធ្វើអោយ​កើន​អាស៊ិតអៀរិក។ តែ ការ​តមអាហារ​ទាំងនេះ អាច​មិនសូវមានហេតុផល​ត្រឹមត្រូវ ដោយសារ​ វា​មាន​ឥទ្ធិពលតិចតួច លើ​ការ​បន្ថយ​អាស៊ីតអៀរិក។
អ្នកជំងឺ​គួរ​តែ​ បញ្ឈប់ការ​បរិភោគ គ្រឿងស្រវឹង ដោយសារ​វា​ធ្វើអោយ​កើនឡើង កំរិត​អាស៊ីតអៀរិក ដែល​នាំអោយមាន​ កំណកដុំ។ ដូច្នេះ អ្នក​ប្រមឹក​ស្រា អាចមាន​ជំងឺ​នេះ លាប់ឡើង​វិញ ខ្លាំង ទោះ​បី​មាន​ការ​ព្យាបាល​ជំងឺ​ប្រគ្រីវ​ក៏ដោយ។
ដោយ​សារ​តែ​អ្នក​ជំងឺ​ ប្រគ្រីវ​ ច្រើន​តែ​មានជំងឺ ក្រិន​សរសៃរឈាម (Atherosclerosis) អ្នកជំងឺ​គួរ​តែ​មាន​របបអាហារ កូឡេស្តេរ៉ូល និង ខ្លាញ់ទៀប។
ការបន្ថយទំងន់​ចំពោះអ្នក​ជំងឺ​ធាត់ ក៏អាច​ជួយ កំរិត​អាស៊ីតអៀរិកក្នុង​ឈាម​ដែរ។

សកម្មភាព

អ្នកជំងឺ​គួរតែ​មិនបាច់ធ្វើសកម្មភាពលើ​សន្លាក់ នៅពេល​ដែល​ឈឺ។ ក្រៅពីនេះ អ្នក​ជំងឺ​គួរតែមាន​សកម្មភាពធម្មតា។



[1] ប្រតិកម្ម​ជីវគីមី​របស់​សារពាង្គកាយ
Creative Commons License
ជំងឺ​ប្រគ្រីវ រឺ រឹង​ក្រញ៉ដៃ ក្រញ៉​ជើង (Gout) ៖ ជំងឺ​ដែល​គួរអោយខ្លាច by SaidbyVann is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at saidbyvann.blogspot.com.
Permissions beyond the scope of this license may be available at http://saidbyvann.blogspot.com/2011/07/copyright.html.