នៅឆ្នាំ 1939 មុននឹងចូលដល់សង្រ្គាមលោកលើកទី២
Einstein បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានាធិបតី Franklin Roosevelt នៃសហរដ្ឋអាមេរិក ប្រាប់អំពីលទ្ធភាពដែលអាចទៅរួចនៃ គ្រាប់បែកមហាប្រល័យដែលមនុស្សជាតិ មិនដែលឃើញពីមុនមក។ វាគឺជាបច្ចេកវិទ្យាដែលកើតចេញពីរូបមន្ត E=MC2 របស់លោកផ្ទាល់។ Einstein ខ្លាចគ្រាប់បែកនេះធ្លាក់ទៅលើដៃរបស់ពួកហ្វាស៊ីស។ សំបុត្រនេះហើយដែលធ្វើអោយមានការទំលាក់គ្រាប់បែក នៅហ៊ីរ៉ូស៊ីម៉ា សំលាប់មនុស្សជាច្រើនម៉ឺននាក់។ ក្រោយមក បានពណ៌នាថា លិខិតមួយនេះគឺជាកំហុសដ៏ធំមួយនៅក្នុងជីវិតរបស់លោក។
មនុស្សគ្រប់គ្នាសុទ្ធ តែស្គាល់ច្បាស់ថា ព្រះអាទិត្យនៅឯណា។ ព្រះអាទិត្យ គឺជាផ្កាយមួយដែលកំពុងឆេះយ៉ាងខ្លាំង ហើយវាបានឆេះបែបនេះអស់រយះពេល រាប់លានឆ្នាំមកហើយ។ តើអ្វីជាឥន្ទនៈដែលធ្វើអោយព្រះអាទិ្យឆេះបានដល់ទៅរាប់លានឆ្នាំមកនេះ? នេះគឺជាសំនួរពិបាកមួយ ដែលអ្នកវិទ្យាសាស្រ្តពីបុរាណ ឆ្លើយមិនបាន។ តែអ្វីដែលច្បាស់លាស់នោះគឺ ព្រះអាទិត្យ ត្រូវការប្រភពថាមពល…ប្រភពថាមពលដ៏មហិមា ដើម្បីទ្រទ្រង់ព្រះអាទិត្យអោយឆេះបានយូរដូច្នេះ។ អ្នកវិទ្យាសាស្រ្តបុរាណ គិតថា បើសិនព្រះអាទិត្យប្រើប្រាស់ឥន្ទនៈ ដើម្បីដុតអោយឆេះ ដូចរបៀបដែលយើងប្រើប្រេងកាត ដើម្បីដុតអោយចង្កៀងភ្លឺ នោះព្រះអាទិត្យប្រាកដជាប្រើប្រាស់ឥន្ទនៈទាំងនោះអស់យ៉ាងឆាប់ ហើយរលត់អស់រាប់លានឆ្នាំមកហើយ។ តែក្រោយមក មានរូបវិទូអាឡឺម៉ង់ម្នាក់ អាចពន្យល់ពី ប្រភពថាមពលមហិមានេះ។
Albert Einstein |
លោក អាល់ប៊ើដ អេនស៍តាញ (Albert Einstein) គឺជារូបវិទូទ្រឹស្តីនិយម ដែលមានសញ្ជាតិអាឡឺម៉ង់ ដ៏ល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ គាត់គឺជាបុគ្គលម្នាក់ដែលបានរកឃើញ រូបមន្ត ដែលបង្ហាញពី ទំនាក់ទំនងរវាង ថាមពល និង ម៉ាសរបស់រូបធាតុ។ រូបវិទូមុនៗ មិនដែលបានគិតដល់រឿងនេះឡើយ។ សូម្បីតែគិតក៏ពិបាកនឹង ទាញទំនាក់ទំនងរវាង ថាមពល និង ម៉ាស ដែរ។ វាហាក់ដូចជាយើង ពន្យល់ពីទំនាក់ទំនងរវាងវត្ថុពីរ ដែលមិនទំនងជាមាន ទំនាក់ទំនងគ្នាទាល់តែសោះ ឧទាហរណ៍ ទំនាក់ទំនងរវាង ល្បឿនរបស់រថយន្ត និង ចំនួនអ្នកជំងឺក្នុងមន្ទីរពេទ្យ អញ្ចឹង។
ផ្ទុយទៅវិញ លោក Albert Einstein បានលើកពីរូបមន្តចំលែកមួយ ដែលនឹងផ្លាស់ប្ដូរពិភពលោក និង រូបលោកផ្ទាល់ ជារៀងរហូត។ វាគឺ E=MC2 ដែល E ជាថាមពល, Mជាម៉ាស, ហើយ C ជាល្បឿនពន្លឺ ដែលស្មើនឹង 299 792 458 (ម៉ែត្រក្នុងមួយវិនាទី)។ តាមរូបមន្តនេះ យើងអាចយល់បានថា សូម្បីតែម៉ាសដ៏តិចតួចមួយ ក៏អាចបង្កើតបានថាមពលមហិមា ដែរ ហើយជាងនេះទៅទៀត Einstein បានពន្យល់ថា ម៉ាស អាចក្លាយជាថាពល ហើយបញ្ច្រាសមកវិញ ថាមពលអាចក្លាយជាម៉ាស។ នៅក្នុងការអនុវត្តន៍ រូបមន្តនេះមានន័យថា ពេលណាដែលគេអាចធ្វើអោយម៉ាសនៃ អង្គធាតុមួយបាត់បង់ នោះម៉ាសដែលបាត់នោះនឹងប្រែក្លាយទៅជាថាមពល។ គេអាចធ្វើអោយម៉ាសមួយបាត់បាន ដោយប្រើប្រាស់អង្គធាតុមួយទៀតទៅបំបុក ជាមួយអង្គធាតុនោះ ដែលហៅថា Nuclear Fusion។ យ៉ាងណាម៉ិញ នៅពេលអ្នកកាសែតសួរលោកអំពីភាពដែលអាចទៅរួច របស់រូបមន្តនេះ នៅក្នុងការយកមកអនុវត្តជាក់ស្តែង លោកលើកជាការប្រៀបធៀបថា «វាដូចជាអ្នកបិទភ្នែកបាញ់ទាមួយក្បាល នៅក្នុងប្រទេសមួយដែលមានសត្វទាតិចតួចបំផុត»។ លោកបន្ថែមទៀតថា ថាមពលដែលយើងត្រូវការដើម្បីអោយម៉ាសនៃអង្គធាតុមួយបាត់បង់ គឺមានចំនួនច្រើនជាងថាមពលដែលយើងទទួលបានទៅទៀត។ ទោះជាយ៉ាងនេះក្ដី ប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប បានចាប់ផ្ដើមធ្វើការជាមួយរូបមន្តនេះ ដើម្បីធ្វើអោយវាក្លាយជាប្រយោជន៍ប្រើប្រាស់បាន ប៉ុន្តែលទ្ធផលដែលពួកគេទទួលបាន គឺដូចលោក Einstein បាននិយាយអញ្ចឹង។ វាមិនចំណេញទេ។
ឆ្នាំ១៩៣៥ ពួកហ្វាស៊ីសបានឡើងកាន់អំណាចនៅអាឡឺម៉ង់ ដោយមាន អាដូល អ៊ីត្លែរ (Adolf Hitler) ជាអ្នកគ្រប់គ្រង ប្រើប្រាស់នយោបាយឈ្លានពានបរទេស និង សំលាប់រង្គាលជាតិសាសន៍ផ្សេងទៀត។ លោក Einstein ជាមួយនិង រូបវិទូមួយចំនួនទៀត បានរត់គេចចេញ ពីភាពតក់ស្លុត នៃរបបហ្វាស៊ីស ហើយស្វែងរកកន្លែងស្ងប់ស្ងាត់សុវត្ថិភាពមួយ ដើម្បីបន្តការងារជារូបវិទូ តទៅទៀត។
Albert Einstein & Leó Szilárd |
លោក លីអូ ស៊ីឡាត (Leó Szilárd) ជាមិត្តភក្តិលោក Einstein និងជារូបវិទូឆ្នើមវ័យក្មេងម្នាក់ ដែលកើតនៅអាឡឺម៉ង់ ក៏បានរត់គេចពីរបបហ្វាស៊ីសផងដែរ។ គាត់បានឃើញដោយផ្ទាល់ភ្នែ ពេលដែលពួកហ្វាស៊ីសឡើងកាន់អំណាច ហើយអនុវត្តរបបប្រល័យជនបរទេស។ ថ្ងៃមួយលោកបានស្កាត់ទៅ ជួបលោក Einstein នៅឯផ្ទះរបស់គាត់ ដើម្បីអោយលោកជួយសរសេរសំបុត្រមួយជូនទៅ ប្រធានាធិបតីអាមេរិក ព្រោះមានតែរូបវិទូល្បីល្បាញដូចលោក Einstein ទើបអាចធ្វើអោយលោកប្រធានាធិបតីអានសំបុត្រនោះដោយយកចិត្តទុកដាក់បាន។ លោក Szilárd បានប្រាប់លោក Einstein ថារូបមន្ត E=MC2 អាចនឹងយកមកប្រើប្រាស់ដើម្បីបង្កើតគ្រាប់បែកមហិមា ដែលមនុស្សលោកមិនដែលបានឃើញពីមុនមក។ លោកប្រាប់បន្តទៀតថា លោកEinsteinផ្ទាល់ ប្រាកដជាដឹងអំពីថាមពលមហិមា ដែលគ្រាប់បែកនេះអាចបង្កើតបាន។ ពីដំបូងលោក Einstein បានបដិសេធ ដោយពន្យល់ថា ដើម្បីបានថាមពលទាំងនោះ យើងត្រូវបំបែកអង្គធាតុ រាប់លានក្នុងពេលតែមួយ ដែលវាមិនអាចទៅរួចទេ ក្នុងពិភពពិត។ តែលោក Szilárd ឆ្លើយតបទៅវិញថា «ហេតុអ្វីចាំបាច់ក្នុងពេលតែមួយ?» ហើយលោកប្រាប់ថា លោកដឹងពីវិធីដែលងាយជាងនេះ ហើយអាចយកមកអនុវត្តបាន ដើម្បីបំបែកអង្គធាតុទាំងនោះ។
ដើម្បីបំបែកអង្គធាតុមួយ គេត្រូវការអង្គធាតុមួយទៀតដើម្បីបាញ់ទៅកាន់អង្គធាតុនោះអោយបែក។ អង្គធាតុដែលត្រូវគេបាញ់បំបែកនោះគួរតែជា អ៊ុយរ៉ាញ៉ូម ឬ រ៉ាដ្យ៉ូម ដោយសារអង្គធាតុទាំងនោះ មាននិន្នាការចង់បំបែកពីគ្នា រួចជាស្រេច។ ពេលដែលវាបំបែកខ្លួន វាបានបាត់បង់ម៉ាសបន្តិច ហើយម៉ាសដែលបាត់បង់នោះ ត្រូវបានបំឡែងជា រលកវិទ្យុ (Radiowave) ហើយដោយសារ អង្គធាតុទាំងនេះសកម្មចង់តែបំបែកខ្លួន ទើបគេហៅអង្គធាតុរបៀបនេះ ថា វិទ្យុសកម្ម (Radioactive)។ តែក្នុងលក្ខខណ្ឌធម្មតា ថាមពលទាំងនោះខ្សោយណាស់ មិនអាចយកទៅប្រើប្រាស់បាន។ ដូច្នេះ អ្នកវិទ្យាសាស្រ្តបាននឹកឃើញវិធីដើម្បីបង្កើនថាមពលទាំងនេះ។ ដំបូងពួកគេប្រើប្រាស់ ប្រូតុង ដើម្បីបាញ់បំបែក អ៊ុយរ៉ាញ៉ូម។ លោក Szilárd គិតថានេះជាការគិតខុស ដែលធ្វើអោយការបាញ់បំបែកនេះ ត្រូវការថាមពលបាញ់ខ្លាំងជាង ថាមពលដែលទទួលបានមកវិញ។ ប្រូតុង គឺជាអង្គធាតុដែលមានបន្ទុកវិជ្ជមាន ហើយ អ៊ុយរ៉ាញ៉ូម ក៏មានបន្ទុកវិជ្ជមានដូចគ្នា ដែលជាហេតុធ្វើអោយអង្គធាតុទាំងពីរនេះ រុញគ្នាចេញ មិនរត់រកគ្នាដូចដែលគេចង់បាននោះឡើយ។ លោក Szilárd គិតថា បើគេប្រើប្រាស់ Neutron ដែលជាអង្គធាតុដែលទើបរកឃើញថ្មីនៅពេលនោះ ជំនួសវិញ នោះគេអាចទទួលបានលទ្ធផលមិនគួរអោយនឹកស្មាន។ ណឺត្រុង មានបន្ទុកអវិជ្ជមាន ដូច្នេះហើយ រវាងណឺត្រុង និង អ៊ុយរ៉ាញ៉ូម មិនរុញគ្នាចេញទេ ហើយប្រហែលជារត់រកគ្នាទៀតផង។ នៅពេលណឺត្រុង ភ្ជាប់ខ្លួនជាមួយអ៊ុយរ៉ាញ៉ូម វាធ្វើអោយអ៊ុយរ៉ាញ៉ូមកាន់តែគ្មានស្ថិរភាព ហើយអ៊ុយរ៉ាញ៉ូមនឹងបំបែកខ្លួន ដោយបាត់បង់ម៉ាសរបស់វា ដែលនឹងបំឡែងជាថាមពលនៅពេលនោះ។ មិនតែប៉ុណ្ណោះ ណឺត្រុង នោះអាចធ្វើ ទ្វេគុណ ឬ អាចត្រីគុណ ខ្លួនវាទៀតផង។ ដូចនេះ នៅពេលយើងបាញ់ ណឺត្រុង មួយអោយភ្ជាប់ជាមួយ អ៊ុយរ៉ាញ៉ូម មួយ នាំអោយ អ៊ុយរ៉ាញ៉ូមនោះបំបែកខ្លួនជាពីរ ហើយបញ្ចេញជាថាមពលពី ម៉ាសដែលបាត់បង់ ហើយក៏បង្កើតអោយមានណឺត្រុង ពីរ ឬ បី បន្ថែមទៀត ហើយណឺត្រុងទាំងនោះ បន្តរត់ទៅរក អ៊ុយរ៉ាញ៉ូម ផ្សេងទៀត ហើយប្រតិកម្មនេះបន្តបន្ទាប់គ្នានេះបង្កើតបានជាថាមពលមហិមា។
ណឺត្រុង បុក អ៊ុយរ៉ាញ៉ុម ហើយបង្កើតបានជា ណឺត្រុងបន្ថែម ហើយបន្តបំបុកបន្តបន្ទាប់ |
លោក Szilárd គិតថា បើសិនជាលោករកនឹកឃើញវិធីនេះ នោះមិត្តភក្តិរូបវិទូរបស់លោកនៅអាឡឺម៉ង់ ក៏អាចរកនឹកឃើញវិធីដូចគ្នានេះដែរ។ លោកបានប្រាប់លោក Einstein អោយបង្កើតនូវសង្គ្រាមមន្ទីរពិសោធន៍មួយ ដើម្បី អោយ អាមេរិក រកឃើញគ្រាប់បែកអាតូមិក មុនពួកហ្វាស៊ីស។ លោកក៏បានប្រាប់ពី ពត៌មានអំពីអ្នកវិទ្យាសាស្រ្តនៅអាឡឺម៉ង់ បានរកឃើញថា អ៊ុយរ៉ាញ៉ូមបែកជាពីរ ពេលដែលត្រូវបានបំបែកដោយណឺត្រុង។ គាត់ថាគាត់ខ្វល់ខ្វាយណាស់ ដោយសារអ្នកនៅអាឡឺម៉ង់បានរកឃើញ តំណាក់កាលទីមួយរួចទៅហើយ។ ពីដំបូងលោក Einstein ហាក់ស្ទាក់ស្ទើរ ហើយប្រាប់លោកវិញថា អ្នកវិទ្យាសាស្ត្រ ត្រូវមានអព្យាក្រិតភាព ហើយមិនចូលរួមក្នុងសង្រ្គាមនោះទេ។ តែលោក Szilárd បានលើកជាឧទាហរណ៍ដ៏គួរអោយខ្លាចមួយជូនលោក Einstein ដោយស្រម៉ៃថាពួកហ្វាស៊ីសដឹកគ្រាប់បែកអាតូមិក តាមនាវាចូលមកដល់ញូយ៉ក ហើយបំផ្ទុះវាឡើង។ លោកនិយាយថា លោកមិនអាចប្រមាណមើលពីចំនួនជនរងគ្រោះឡើយ។ លោក Albert Einstein ពិបាកចិត្តយ៉ាងខ្លាំងដោយសាររូបមន្តរបស់លោក ក៏ចូលរួមក្នុងបញ្ហានេះដែរ។ ក្រោយមកលោកបានសរសេរលិខិតទៅកាន់ប្រធានាធិបតី Roosevelt ដើម្បីប្រាប់ពីភាពដែលអាចទៅរួច នៃគ្រាប់បែកមហាប្រល័យនេះ ហើយទាមទារអោយលោកប្រធានាធិបតី ខិតខំបង្កើតគ្រាប់បែកនេះអោយបានមុន ពួកហ្វាស៊ីស។
មិនប៉ុន្មានក្រោយមក Roosevelt បានបង្កើតជាគំរោងការសំងាត់មួយ នៅរដ្ឋ New Mexico ដោយដាក់ឈ្មោះថា Project Manhattan ហើយលោកបានបោះលុយ ២,២ ពាន់លានដុល្លារ ដែលស្មើនឹង ៤០ ទៅ ៥០ ពាន់លានដុល្លារ ក្នុងពេលបច្ចុប្បន្ន។ Einstein មិនបានចូលរួមក្នុងគំរោងនេះទេ ដែលផ្ទុយពីលោក Szilàrd ដែលចូលរួមដោយផ្ទាល់ក្នុងការស្រាវជ្រាវនេះ។
មិនប៉ុន្មានក្រោយមក Roosevelt បានបង្កើតជាគំរោងការសំងាត់មួយ នៅរដ្ឋ New Mexico ដោយដាក់ឈ្មោះថា Project Manhattan ហើយលោកបានបោះលុយ ២,២ ពាន់លានដុល្លារ ដែលស្មើនឹង ៤០ ទៅ ៥០ ពាន់លានដុល្លារ ក្នុងពេលបច្ចុប្បន្ន។ Einstein មិនបានចូលរួមក្នុងគំរោងនេះទេ ដែលផ្ទុយពីលោក Szilàrd ដែលចូលរួមដោយផ្ទាល់ក្នុងការស្រាវជ្រាវនេះ។
ប៉ុន្តែក្នុង ខែឧសភា ឆ្នាំ១៩៤៥ មុនពេលដែលការស្រាវជ្រាវគ្រាប់បែកអាតូមិកបានបញ្ចប់ អ្វីៗត្រូវផ្លាស់ប្ដូរទៅវិញ ដោយសារពួកហ្វាស៊ីសបានចុះចាញ់សង្គ្រាម។ ប៉ុន្តែគំរោងការគ្រាប់បែកមិនបានបញ្ចប់ត្រឹមនោះឡើយ។ យ៉ាងណាក៏ដោយ នៅឯបូព៌ាឯណោះវិញ ប្រទេសជប៉ុន នៅតែបន្តសង្រ្គាមយ៉ាងខ្លាំង។ នៅខែកក្កដា ១៩៤៥ គ្រាប់បែកត្រូវបានគេរៀបចំរួចរាល់។ Szilárd ខ្លាចគ្រាប់បែកត្រូវបានគេទំលាក់ដោយមិនបានប្រកាសអាសន្នអោយប្រជាជនរត់ភៀសខ្លួន ទុកជាមុន។ លោកក៏បានបង្កើតញ្ញត្តិជាមួយមិត្តអ្នកវិទ្យាសាស្រ្តលោក អោយបញ្ចប់កម្មវិធីអាវុធនេះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលអាមេរិកមិនបានយល់ព្រមទេ។ គោលដៅត្រូវបានជ្រើសរើសរួចជាស្រេច គឺទីក្រុងហ៊ីរ៉ូស៊ីម៉ា។ នៅព្រឹកក្នុងខែសីហា ឆ្នាំ1945 គ្រាប់បែកអាតូមិកដំបូងបំផុត ត្រូវគេទំលាក់។ វាធ្លាក់ ៤៥ វិនាទីនៅលើអាកាស។ អ្វីៗហាក់ដូចរំពឹងទុក។ ថាមពលដែលចេញពីគ្រាប់បែកនេះ គឺ មហិមា។ ម៉ាសអ៊ុរ៉ាញ៉ូមត្រឹម 0,6 ក្រាម តែប៉ុណ្ណោះដែលបានបាត់បង់ តែបានបង្កើតជាកំលាំង 12,5 គីឡូតោន ក្នុងពេលតែប្រាំមួយភាគដប់នៃវិនាទីតែប៉ុន្នោះ ហើយធ្វើអោយខ្ទេចទីក្រុងទាំងមូល បំផ្លាញអាគារ ៨០-៩០% ធ្វើអោយមានជំងឺវិទ្យុសកម្មបន្តទៅទៀត។ លោក Einstein ស្ដាប់លឺពត៌មានអំពីការបាត់បង់ជីវិតអស់រាប់ម៉ឺននាក់ ពីការទំលាក់គ្រាប់បែកអាតូមិក ដែលបានពីរូបមន្តរបស់លោក។ លោកមានអារម្មណ៍ថាលោកក៏ត្រូវចូលរួមទទួលខុសត្រូវមួយចំណែកក្នុងរឿងនេះដែរ។ នៅឆ្នាំ 1945 លោកបានសរសេរលិខិតទៅកាន់ប្រធានាធិបតី និយាយថា លោកស្ដាយក្រោយនឹងសំបុត្រដែលប្រាប់ថា គ្រាប់បែកគួរត្រូវបានបង្កើតឡើង។ នៅក្នុងទស្សវត្សន៍ចុងក្រោយនៃជីវិតរបស់លោក លោកបានប្រយុទ្ធប្រឆាំងទៅនឹងការសាយភាយ អាវុធនុយក្លេអ៊ែរ ទៅកាន់គ្រប់អ្នកដឹកនាំគ្រប់ប្រទេស។
Hirsoshima ក្រោយពីទំលាក់គ្រាប់បែក |
លោក Albert Einstein មិនបានរស់នៅ មើលពីការបកស្រាយពីរូបមន្តគាត់ក្លាយជារូបមន្តនៃការបង្កើតឡើងឡើយ។ មួយរយឆ្នាំមុន ពេលលោករកឃើញនូវរូបមន្តទំនាក់ទំនងនេះ គាត់មិនបានដឹងថា រូបមន្តដែលលោករកឃើញ ត្រូវបានមនុស្សលោកយកទៅប្រើ ក្នុងរឿងល្អ ឬ អាក្រក់ឡើយ។ E=MC2 គឺជារូបមន្ត នៃសេចក្តី រស់ និង សេចក្តីស្លាប់៕
រូបមន្ត ស្លាប់ រស់ របស់ Einstein by Vann is licensed under a Creative Commons Attribution-NonCommercial-ShareAlike 3.0 Unported License.
Based on a work at http://saidbyvann.blogspot.com/2013/06/enstein_11.html.
No comments:
Post a Comment