ពីអ្នកនិពន្ធមិនស្គាល់ឈ្មោះម្នាក់
បកប្រែដោយ វណ្ណ
គេជួបនាងនៅពិធីជប់លៀងមួយ។ នាងលេចធ្លោខ្លាំងណាស់ ហើយមានបុរសជាច្រើនតាមស្រលាញ់។
ឯគេវិញ គ្រាន់ជាមនុស្សប្រុសសាមញ្ញម្នាក់ ហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍ប៉ុណ្ណោះ។ នៅពេលចប់កម្មវិធី
គេបានអញ្ជើញនាង ទៅផឹកកាហ្វេជាមួយគេ។ ពេលនោះនាងភ្ញាក់ផ្អើលខ្លាំងណាស់ តែដោយសារនាងជាមនុស្សគួរសម
នាងក៏យល់ព្រម។ ពួកគេអង្គុយក្នុងហាងកាហ្វេដ៏ស្អាតមួយកន្លែង។ គេខ្លាចខ្លាំងណាស់ ហើយមិនហ៊ាននិយាយអ្វីទេ។
ឯនាងវិញមិនស្រណុកសោះ ហើយនាងគិតក្នុងចិត្តថា សូមអោយនាងទៅផ្ទះឆាប់ៗទៅ។ ស្រាប់តែភ្លាមៗនោះ
គេហៅអ្នករត់តុ៖
“ជួយយកអំបិលអោយខ្ញុំបានទេ? ខ្ញុំចង់ដាក់អំបិលក្នុងកាហ្វេខ្ញុំ”
គ្រប់ៗគ្នាក្រឡេកមើលទៅគេយ៉ាងចំឡែក! មុខគេឡើងក្រហម តែគេនៅតែដាក់អំបិលក្នុងកាហ្វេ
ហើយលើកផឹក។
នាងសួរគេដោយចង់ដឹងថា៖ ហេតុអីក៏ចូលចិត្តចឹង?
គេឆ្លើយថា៖ “កាលពីខ្ញុំនៅជាកូនក្មេង ខ្ញុំរស់នៅក្បែរសមុទ្រ។
ខ្ញុំចូលចិត្តលេងទឹកសមុទ្រ។ ខ្ញុំនឹកឃើញរសជាតិទឹកសមុទ្រដូចរសជាតិកាហ្វេនេះអញ្ចឹង។
ឥលូវអោយតែខ្ញុំផឹកកាហ្វេប្រៃ ខ្ញុំតែងតែនឹកឃើញកុមារភាពរបស់ខ្ញុំ, នឹកឃើញស្រុកកំណើត,
នឹកលោកពុកអ្នកម៉ែកំពុងរស់នៅទីនោះ។”
ពេលកំពុងនិយាយ ភ្នែកគេពោរពេញដោយទឹកភ្នែក។ នាងពិតជារំជួលចិត្តណាស់។
នោះជាអារម្មណ៍ពិតរបស់គេ ចេញពីក្រ
ឳចិត្ត។ មនុស្សប្រុសម្នាក់ដែលអាចនិយាយពី ភាពនឹកផ្ទះ ប្រាកដគឺជាមនុស្សប្រុសម្នាក់ដែលស្រលាញ់ផ្ទះ
យកចិត្តទុកដាក់ពីផ្ទះ មានទំនួលខុសត្រូវនៅផ្ទះ។ បន្ទាប់មក នាងក៏ចាប់ផ្ដើមនិយាយ…
និយាយពីស្រុកកំណើតដ៏ឆ្ងាយរបស់នាង កុមារភាពនាង និង គ្រួសារនាង។ ពេលនោះគឹជាការនិយាយគ្នាដ៏ល្អមួយ
គឺជាការចាប់ផ្ដើមដ៏ស្រស់បំព្រងនៃរឿងរ៉ាវគេទាំងពីរ។ ពួកគេនៅតែបន្តទាក់ទងគ្នា។
នាងក៏បានដឹងថា គេជាមនុស្សប្រុសតែម្នាក់ ដែលត្រូវគ្រប់ប្រាថ្នារបស់នាង, គេចេះអត់អោន,
មានចិត្តល្អ, កក់ក្ដៅ, ម៉ត់ចត់។ គេជាមនុស្សប្រុសដ៏ល្អម្នាក់ តែនាងប៊ិះតែមើលរំលងគេទៅហើយ។
អរគុណដល់កាហ្វេប្រៃរបស់គេ! រឿងរ៉ាវអ្នកទាំងពីរ ដូចទៅនឹងរឿងរ៉ាវស្នេហាដ៏ផូរផង់មួយផងដែរ។
ព្រះអង្គម្ចាស់រៀបការជាមួយព្រះនាងម្ចាស់ ហើយពួកគេរស់នៅដោយរីករាយ។ ហើយរាល់ពេលដែលនាងឆុងកាហ្វេអោយគេ
នាងតែងតែដាក់អំបិលបន្តិចក្នុងនោះ ដោយសារនាងដឹងថាគាត់ចូលចិត្តបែបនេះ។
អស់រយះពេល ៤០ ឆ្នាំកន្លងទៅ គេបានលាចាកលោក ទុកសំបុត្រមួយច្បាប់អោយនាង
ដែលសរសេរថា៖
“អូនសំឡាញ់! សូមអូនអភ័យទោសអោយបងផង អភ័យទោសអោយជិវិតបងទាំងមូលដែលកុហកអូន។
នោះគឺជាការកុហកតែមួយគត់ដែលបងនិយាយទៅអូន គឺរឿងកាហ្វេប្រៃ។ អូននៅចាំពេលដំបូងយើងណាត់គ្នាទេ?
បងភ័យណាស់ពេលនោះ។ តាមពិតបងចង់បានស្ករ តែបងបែរជានិយាយថាអំបិល។ កាលនោះវាពិបាកណាស់សំរាប់បង
តែបងក៏ព្រមផឹកទៅ។ បងមិនបានរំពឹងថាវាជាការចាប់ផ្ដើមស្គាល់គ្នាដំបូងរបស់យើងឡើយ!
បងព្យាយាមប្រាប់ការពិតទៅអូនច្រើនដងមកហើយក្នុងជីវិតបង តែបងមិនហ៊ាន ដោយសារតែបងបានសន្យាមិនកុហកអ្វីអូនទេ។
ឥលូវបងកំពុងតែលាចាកលោកនេះហើយ បងលែងខ្លាចអ្វីហើយ ដូច្នេះបងចង់ប្រាប់ការពិតទៅអូន។
បងមិនចូលចិត្តកាហ្វេប្រៃទេ។ រសជាតិវាចំលែកណាស់ តែបងបានផឹកកាហ្វេប្រៃរហូតមក។
តាំងពីបងស្គាល់អូន បងមិនដែលសោកស្ដាយអ្វីដែលបងបានធ្វើដើម្បីអូនទេ។ មានអូនគឺជាសុភមង្គលដ៏ធំបំផុតក្នុងជីវិតរបស់បង។
បើបងរស់បានលើកទីពីរ បងនៅតែចង់ស្គាល់អូន ហើយនៅជាមួយអូនអស់មួយជីវិត ទោះបីបងត្រូវផឹកកាហ្វេប្រៃម្ដងទៀតក៏ដោយ។”
ទឹកភ្នែកនាងធ្វើអោយសំបុត្រឡើងសើម។
ពេលក្រោយមក បើសិនអ្នកណាម្នាក់សួរនាងថារសជាតិកាហ្វេដាក់អំបិលយ៉ាងណាដែរ
នាងនឹងឆ្លើយថា វាមានរសជាតិ “ផ្អែម” ណាស់។
“ស្នេហា ជាការអត់អោន,
យល់ពីគ្នា, រក្សាគ្នាទុក…”
No comments:
Post a Comment