ពីអ្នកនិពន្ធមិនស្គាល់ឈ្មោះម្នាក់
បកប្រែ និង កែសំរួល ដោយ វណ្ណ
រឺទ្ធី និង មាលា កំពុងអង្គុយលើសួន គ្មានអ្វីត្រូវធ្វើ
ក្រៅពីតែក្រលេកមើលមេឃ កំឡុងពេលមិត្តភក្តិពួកគេ កំពុងសប្បាយរីករាយ ជាមួយដៃគូគេរៀងៗខ្លួន។
មាលា៖ ខ្ញុំធុញណាស់។ ចង់បានសង្សារម្នាក់
ដើម្បីបានចំណាយពេលជាមួយឥលូវនេះ។
រិទ្ធី៖ ប្រហែលជាសល់តែយើងហើយមើលទៅ។ មានតែយើងទេ
ដែលគ្មានសង្សារ។ (អ្នកទាំងពីរដកដង្ហើមធំ ហើយនៅស្ងៀមមួយសន្ទុះ)
មាលា៖ ខ្ញុំមានគំនិតល្អមួយ។ ចង់លេងល្បែងមួយដែរទេ?
រឹទ្ធី៖ អេ? ល្បែងអី?
មាលា៖ អឹម… ងាយស្រួលទេ! រឹទ្ធីឯង ក្លាយជាមិត្តប្រុសខ្ញុំ
១០០ ថ្ងៃ ហើយខ្ញុំក៏ជាមិត្តស្រី រឺទ្ធី ឯង ១០០ ថ្ងៃដែរ។ ម៉េចដែរ?
រឹទ្ធី៖ បានតើ! តែខ្ញុំគ្មានគំរោងត្រូវធ្វើផង
ប៉ុន្មានខែទៀតនេះ។
មាលា៖ និយាយដូចគ្មានចង់ធ្វើសង្សារខ្ញុំសោះ!
រីករាយឡើង! ថ្ងៃនេះ ជាថ្ងៃ ស្រឡាញ់គ្នាដំបូងរបស់យើង ហើយក៏ជាថ្ងៃណាត់គ្នាដំបូងដែរ។
យើងគួរតែទៅណាទៅ?
រឹទ្ធី៖ មើលកុន ម៉ិចដែរ? ខ្ញុំលឺថាមានរឿងមួយល្អមើលណាស់
នៅរោងកុនឥលូវនេះ។
មាលា៖ ដូចជាគ្មានគំនិតអ្វីល្អជាងនេះដែរ។
តោះទៅចឹង!
ពួកគេទៅមើលកុនជាមួយគ្នា ហើយ ជូនគ្នាទៅផ្ទះរៀងខ្លួន។
ថ្ងៃទី២
រឹទ្ធី និង មាលា ទៅមើលតន្រ្តីជាមួយគ្នា,
ហើយ រឺទ្ធី ទិញបន្តោងសោរូបផ្កាយមួយជូន មាលា។
ថ្ងៃទី៣
ពួកគេនាំគ្នាទៅទិញឥវ៉ាន់សំរាប់អំណោយខួបកំណើតមិត្តភក្តិ
នៅផ្សារសូរិយា ជាមួយគ្នា។ ទៅញ៉ាំការ៉េម នៅ Swensen’s ជាមួយគ្នា ហើយអោបគ្នាជាលើកដំបូង។
ថ្ងៃទី៧
រឹទ្ធី នាំ មាលា ទៅកំពង់សោម ហើយពួកគេមើលថ្ងៃលិចជាមួយគ្នា។
ពេលយប់មកដល់ ហើយព្រះច័ន្ទក៏បញ្ចេញពន្លឺយ៉ាងស្រទន់ ពួកគេអង្គុយលើស្មៅមើលផ្កាយជាមួយគ្នា។
ផ្កាយដុះកន្ទុយមួយ ហោះកាត់មុខគេទាំងពីរ ហើយ មាលា និយាយអី្វម្យ៉ាងតិចៗម្នាក់ឯង។
ថ្ងៃទី២៥
ពួកគេចំណាយពេលនៅមាត់ទន្លេ ហើយបន្ទាប់មកទៅ
Lucky Burger ហើយញ៉ាំប្រហិត និង ស្ករសំឡី។ រឺទ្ធី និង មាលា ចូលទៅផ្សារសុវណ្ណា ហើយ
មាលា ច្រឡំចាប់ដៃអ្នកផ្សេង ជំនួស រឹទ្ធី ដោយចៃដន្យ។ ពួកគេមើលមុខសើចជាមួយគ្នា។
ថ្ងៃទី៦៧
ពួកគេជិះកាត់មាត់ទន្លេពេលល្ងាច ហើយ ទៅរកគ្រូទាយម្នាក់
ហើយគាត់គ្រាន់តែនិយាយថា ៖ ត្រូវរក្សាពេលវេលាជាមួយគ្នាអោយមានតំលៃពីពេលនេះទៅ!
ហើយទឹកភ្នែកហូរកាត់ថ្ពាល់គ្រូទាយយ៉ាងចំឡែក។
ថ្ងៃទី៨៤
មាលា ចង់ទៅបាក់ខែង។ វាមិនសូវមានមនុស្សទេពេលនោះ។
ពួកគេបានថើបគ្នាលើកដំបូង ពេលព្រះអាទិត្យកំពុងលិច។
ថ្ងៃទី ៩៩
ពួកគេជ្រើសរើសថានឹងដើរលេងដូចថ្ងៃធម្មតា។
ពួកគេដើរលេជុំវិញទីក្រុង ហើយពួកគេអង្គុយលើបង់មួយ។
១៖២៣នាទី
មាលា៖ ខ្ញុំស្រេកទឹក។ ទៅអង្គុយលេងបន្តិចទៅ។
រឹទ្ធី៖ ចាំតិច។ ខ្ញុំទៅទិញទឹកមកអោយ។ ចូលចិត្តទឹកអីដែរ?
មាលា៖ អឹម…ទឹកក្រូចទៅចឹង។
១៖៤៣នាទី
មាលាចាំអស់រយះពេល២០នាទីហើយ តែរឹទ្ធីមិនទាន់ត្រលប់មកវិញទៀត។
បន្ទាប់មកមានមនុស្សម្នាក់ដើរមកកាន់នាង។
អ្នកដំណើរ៖ នាងឈ្មោះ មាលា មែន?
មាលា៖ ចាស៎។ មានរឿងអីដែរ?
អ្នកដំណើរ៖ ទើបតែអប្បាញ់ម៉ិញនេះ មានអ្នកបើកបរស្រវឹងម្នាក់បុកមនុស្សប្រុសម្នាក់នៅផ្លូវឯណោះ។
ខ្ញុំគិតថាគេជាមិត្តភក្តិនាង។
មាលា រត់យ៉ាងប្រញ៉ាប់ជាមួយអ្នកដំណើរនោះ
ហើយឃើញ រឹទ្ធី ដួលដេកនៅលើដី មុខពេញដោយឈាម ហើយទឹកក្រូចនៅនឹងដៃគេនៅឡើយ។
រថយន្តសង្រ្គោះមកដល់ ហើយនាងទៅមន្ទីរពេទ្យជាមួយ រឹទ្ធី។ មាលា អង្គុយនៅខាងក្រៅបន្ទប់សង្រ្គោះបន្ទាន់
អស់ប្រាំម៉ោងកន្លះហើយ។ វេជ្ជបណ្ឌិត ដើរចេញមកក្រៅ ហើយដកដង្ហើមធំ។
១១៖៥១នាទី
វេជ្ជបណ្ឌិត៖ ខ្ញុំសូមទោស តែយើងខិតខំអស់ពីសមត្ថភាពហើយ។
គេនៅដកដង្ហើម តែគេនឹងឃ្លាតពីយើងឆាប់ៗនេះហើយ។ យើងរកឃើញសំបុត្រនេះក្នុងហោប៉ាវខោគេ។
លោកវេជ្ជបណ្ឌិត ប្រគល់សំបុត្រអោយទៅ មាលា
ហើយនាងក៏ចូលទៅក្នុងបន្ទប់មើល រឹទ្ធី។ គេមើលទៅទន់ខ្សោយ តែដូចជាស្ងប់ណាស់។
មាលា អានសំបុត្រហើយយំយ៉ាងខ្លាំង។ នេះជាសេចក្តីសំបុត្រ៖
“មាលា! ១០០ថ្ងៃរបស់យើងជិតចប់ហើយ។ ខ្ញុំសប្បាយណាស់ជាមួយនាងអស់រយះពេលនេះ។
ទោះបីជានាងលោភបន្តិច ហើយជួនកាលមិនសូវចេះគិត តែគ្រប់រឿងទាំងនេះធ្វើអោយជីវិតខ្ញុំមានសេចក្តីសុខ។
ខ្ញុំបានចាប់អារម្មណ៍ថានាងជានារីដែលគួរអោយស្រលាញ់ណាស់ ហើយខ្ញុំបន្ទោសខ្លួនឯង
ដែលមិនបានចំណាយពេលស្គាល់នាងពីមុន។ ខ្ញុំគ្មានចង់បានអ្វីច្រើនទេ តែខ្ញុំបន់ស្រន់សូមអោយយើងអាចពន្យាពេលស្រលាញ់គ្នាបានយូរទៀត។
ខ្ញុំចង់ក្លាយជាមិត្តប្រុសរបស់នាងជារៀងរហូត ហើយសូមអោយនាងនៅជាមួយខ្ញុំគ្រប់ពេល។
មាលា បងស្រលាញ់អូន!”
១១៖៥៨នាទី
មាលា៖ (កំពុងតែក្សឹកក្សួល) រឹទ្ធី! បងដឹងទេថាអូនប្រាថ្នាអ្វី
ពេលយប់មានផ្កាយដុះកន្ទុយនោះ? អូនសូមអោយយើងនៅជាមួយគ្នាជារៀងរហូត។ យើងមិនមែនមានតែ១០០ថ្ងៃនេះទេ
រឹទ្ធី! បងមិនអាចចោលអូនឥលូវនេះបានទេ! អូនស្រលាញ់បង តែបងអាចត្រលប់មកវិញឥលូវនេះបានទេ?
អូនស្រលាញ់បង រឹទ្ធី។ អូនស្រលាញ់បង។
នៅពេលនាឡិកាចង្អុលម៉ោង ១២ បេះដូង រឹទ្ធី
ក៏ឈប់ដើរ។ វាគ្រប់១០០ថ្ងៃគត់។
No comments:
Post a Comment