Technorati Tags: Gout,Acute Athritis,Kidney,Diet,Protide,Vann,ប្រគ្រីវ,រឹងក្រញ៉ដៃក្រញ៉ជើង,Said by Vann,Medical,Middle-age disease,Old-age disease
ជំងឺប្រគ្រីវ រឺ ជំងឺ Gout ជាភាសាអង់គ្លេស គឺជាជំងឺដែលបណ្ដាលមកពីវិបត្តិ មេតាបូលីស[1]អាស៊ីតអៀរិក (Uric Acid) ប៉ះពាល់ភាគច្រើនទៅលើ មនុស្សប្រុសវ័យកណ្ដាល-ចាស់ ហើយនិងស្រ្តីអស់រដូវ។ វាស្ដែងឡើងជា រលាកសន្លាក់ស្រួចស្រាវ រឺ រ៉ាំរ៉ៃ ម្ដងម្កាល, កំណកអាស៊ីតអៀរិក នៅតាមស្បែក និង ជាលិកាសន្ធាន, ហើយអាចនឹងធ្វើអោយមាន គ្រួសតំរងនោម។ ការធ្វើរោគវិនិច្ឆ័យ និង ព្យាបាល អោយទាន់ពេលវេលា ពិតជាមានសារសំខាន់ណាស់ ចំពោះជំងឺនេះ។
ដើមកំណើត
ប្រគ្រីវ មិនមែនជាជំងឺថ្មីទេ, វាត្រូវបាន លោកអារីស្តូត លើកយកមកបកស្រាយ តាំងពីប្រហែល ២៥០០ ឆ្នាំមុនមកម្ល៉េះ។ វាជាជំងឺ ដែលកើតឡើងភាគច្រើនចំពោះមនុស្សប្រុស ហើយ មានមួយចំនួនលើមនុស្សស្រីអស់រដូវ។ អត្រានៃការកើតជំងឺនេះទាក់ទងដោយផ្ទាល់ទៅនឹង កំរិត នៃការលើកអាស៊ីតអៀរិក ក្នុងឈាម (Hyperuricemia)។ អាស៊ីតអៀរិកមានដើមកំណើតចំបង ពីកោសិកា, និយាយអោយងាយស្ដាប់ទៅជា ជាតិសាច់ (ប្រូតេអ៊ីន) តែអាចមានជំងឺមួយចំនួនដែរដែលនាំអោយកើនជាតិអាស៊ីតអៀរិកដែរ ដូចជា ជំងឺបែកគ្រាប់ឈាម ជាទូទៅ កំរិតអាស៊ីតអៀរិក ដែលមានតិចនៅកំឡុងកុមារភាព នឹងកើនឡើងនៅពេលពេញវ័យ ហើយអាចនឹងកើនឡើងដល់ទៅ ២ ដង ចំពោះមនុស្សប្រុស ច្រើនជាងមនុស្សស្រី។ កំរិតអាស៊ីតអៀរិក កើនឡើង ទៅតាមអាយុ ចំពោះមនុស្សប្រុស និង ស្រី, តែគេសង្កេតឃើញមានការកើតឡើងខ្ពស់បន្តិចចំពោះមនុស្សស្រីអស់រដូវ។ តែយ៉ាងណាក៏ដោយ កំរិតអាស៊ីតអៀរិក នៅលើមនុស្សប្រុស នៅតែខ្ពស់ជាងមនុស្សស្រីដដែល។ សំរាប់អ្នកដែលមានកំរិតអាស៊ីតអៀរិកធម្មតា អត្រាកើតជំងឺប្រគ្រីវ មានតិចជាង ១%។កំណើនអាស៊ីតអៀរិក
មូលហេតុចំបងរបស់ជំងឺ នេះ គឺដោយសារ កំណើន អាស៊ីតអៀរិក នៅក្នុងឈាម។ នៅពេលមានអតុល្យភាព នៃ ការផលិត លើសពី ការបញ្ចេញចោល អាស៊ីតអៀរិក, វានឹងទៅកកនៅកន្លែងជាច្រើន ទាំងទាល់តែមើលនឹងមីក្រូទស្សន៍ រហូតដល់ដុំធំៗដែលអាចមើលឃើញនឹងភ្នែកទទេ។ ការឈឺចាប់ និងវិបត្តិរបស់ជំងឺនេះ គឺបណ្ដាលដោយសារ ការបែករបស់ដុំ អាស៊ីតអៀរិកនេះ រឺ ការកើតឡើងថ្មីទៀតរបស់ដុំ។ យ៉ាងណាម៉ិញ ការសំយោគ អាស៊ីតអៀរិក ថ្មី ហើយនិង ការកើនឡើងនៃអាស៊ីតនេះក្នុងឈាម ក៏ជាមូលហេតុនៃ បញ្ហាកំណកអាស៊ីតអៀរិកដែរ។ តួយ៉ាងដូចជា ភាពខ្សោះទឹកក្នុងខ្លួន, ការបរិភោគសុរា, និង ការស្លាប់របស់កោសិកាយ៉ាងច្រើន នៅក្នុងការព្យាបាលមហារីកដោយគីមី សុទ្ធតែនាំអោយមានការកើនឡើង បណ្ដោះអាសន្ន នូវ អាស៊ីតអៀរិកនេះ។ កំនើតនៃដុំកំណកអាស៊ីតអៀរិក លើសន្លាក់ និង ទឹកសន្លាក់ អាចនាំអោយមាននូវប្រតិកម្ម ប្រព័ន្ធភាពស៊ាំ ដែលនាំអោយ ជំងឺប្រគ្រីវ កាន់តែធ្ងន់ទៅៗ។ កន្លែងដែលប្រឈមមុខខ្លាំងនឹងកំណើនអាស៊ីតអៀរិក គឺ សន្លាក់(រលាកសន្លាក់) ស្បែក(ដុំកំណក) តំរងនោម(គ្រួស)។ដុំកំណកអាស៊ីតអៀរិក
រលាកសន្លាក់ ជារោគសញ្ញាសំខាន់ចំពោះ ជំងឺប្រគ្រីវ។ ពីដំបូងៗ វាប៉ះពាល់តែសន្លាក់មួយប៉ុណ្ណោះ ជាពិសេសសន្លាក់ក្រញ៉ដៃទីមួយ តែក្រោយមកវានឹងប៉ះពាល់ទៅលើសន្លាក់ច្រើនបន្ទាប់មក។ គេក៏ឧស្សាហ៍ឃើញវាប៉ះពាល់ ក្រញ៉ជើង កែងជើង បាតជើង អង្គុញ និង ជង្គង់, សន្លាក់តូចៗនៅលើដៃ កដៃ កែងដៃ ណាស់ដែរ តែមិនសូវមានលើសន្លាក់ត្រគៀក រឺ ស្មា ទេ។ អ្នកជំងឺ ចូលសំរាន្តដោយគ្មានរោគសញ្ញាអ្វី តែភ្ញាក់ឡើងវិញដោយសារ សន្លាក់ដែលប៉ះពាល់ ឡើងឈឺ ហើម ក្រហម។ អ្នកជំងឺអាចនឹង “មិនអាចលើកទំងន់ កំរាលពូកបាន” រឺ មិនអាចគ្របភួយលើជើងបាន រឺ មិនអាចអោនពាក់ស្រោមជើង។ មូលហេតុអាចដោយសារ នៅពេលថ្ងៃអ្នកជំងឺ ឈរ ច្រើន ដែលជាហេតុបណ្ដាលអោយ ឈាមចាល់ទៅលើ អវៈយវៈ ខាងក្រោម ច្រើន។ នៅពេលយប់ សារពាង្គកាយស្រូបយកទឹកទៅបានស្រួលជាង អាស៊ីតអៀរិក ដែលនាំអោយ នៅសល់កំរិតអាស៊ីតអៀរិកខ្ពស់ ហើយបន្ទាប់មក កកទៅជាដុំ។ សីតុណ្ហភាបទាបនៅសន្លាក់អវៈយវៈខាងក្រោម ក៏ជាកត្តាបណ្ដាលអោយមានកំណកដែរ។ ការឈឺចាប់នៅលើសន្លាក់អាចកើតមាន ភ្លាមៗ ហើយនឹងវិវត្តទៅកំរិតឈឺចាប់អតិបរមានៅកំឡុងពេល ៨ ទៅ ១២ ម៉ោង។ បើសិនមិនព្យាបាល ការឈឺចាប់នេះ អាចបាត់ទៅវិញដោយឯកឯង ក្នុងរយះពេលប្រហែល ២ សប្ដាហ៍។ការកើតមាននូវដុំកំណកអាស៊ីតអៀរិក ជាសញ្ញាមួយដំបូង អោយដឹងពីជំងឺនេះ។ វាកើតញឹកញាប់នៅ ក្បែរសន្លាក់ រឺ លើឆ្អឹងខ្ចី ដូចជាស្លឹកត្រចៀក ជាដើម។
ការប៉ះពាល់តំរងនោម
អ្នកជំងឺដែលមានជំងឺប្រគ្រីវ ប្រឈមមុខ ១០០០ ដង នឹងគ្រួសតំរងនោម លើសមនុស្សធម្មតា។ ផ្ទុយទៅវិញ ជំងឺតំរងនោម អាចនឹងកើតឡើងមុន ជំងឺប្រគ្រីវដែរ ចំពោះ អ្នកជំងឺ ៤០%។រលាកសន្លាក់រ៉ាំរ៉ៃ
ជំងឺ រលាកសន្លាក់រ៉ាំរ៉ៃ ដោយសារកំណើនអាស៊ីតអៀរិក អាចកើតឡើងដោយមាន រឺ អាចមិនចាំបាច់មាន ជំងឺរលាកសន្លាក់ស្រួចស្រាវ។ នៅដំណាក់កាលនេះ វាអាចមានការភ័ណ្ឌច្រឡំ រវាង ជំងឺរលាកសន្លាក់ (Rhumatoid athritis) និង ជំងឺរលាកសន្លាក់ដោយសារលើសអាស៊ីតអៀរិកនេះ។ការពិនិត្យអមគ្លីនិក
ការធ្វើរោគវិនិច្ឆ័យអមគ្លីនិក អាស្រ័យទៅលើ របៀបច្រើនដូចជា យកដុំកំណកទៅមើលក្នុងមន្ទីរពិសោធ៍ អត្រាអាស៊ីតអៀរិកក្នុងឈាម អត្រាអាស៊ីតអៀរិកក្នុងទឹកនោម ថតកាំរស្មីអ៊ិច…ការព្យាបាល
ការព្យាបាល មានដូចជា ការព្យាបាលការឈឺចាប់ បន្ថយកំរិតអាស៊ីតអៀរិក និង ការវះកាត់។ការគ្រប់គ្រងរបបអាហារ, បរិភោគទឹកច្រើន, គ្រប់គ្រងទំងន់ខ្លួន, ការបន្ថយសុរា, ហើយនឹងការជៀសវៀងថ្នាំបញ្ចុះទឹកនោម ក៏ត្រូវបានគេណែនាំ ក្នុងការគ្រប់គ្រងអាស៊ីតអៀរិក។
តំណមអាហារ
ការផ្លាស់ប្ដូររបបអាហារ អាចធ្វើអោយប្រសើរឡើង នូវកំរិតអាស៊ីតអៀរិកអោយស្ថិតនៅក្រោមការគ្រប់គ្រង តែកំរ អាចការពារការឈឺចាប់លើកក្រោយ និង កំណកអាស៊ីតអៀរិកទេ។សាច់ជ្រូក គ្រឿងក្នុងសត្វ និង បន្លែដែលសំបូរស្លិក ដូចជា ស្ពៃខ្មៅ សំបូរទៅដោយសារធាតុដែលធ្វើអោយកើនអាស៊ិតអៀរិក។ តែ ការតមអាហារទាំងនេះ អាចមិនសូវមានហេតុផលត្រឹមត្រូវ ដោយសារ វាមានឥទ្ធិពលតិចតួច លើការបន្ថយអាស៊ីតអៀរិក។
អ្នកជំងឺគួរតែ បញ្ឈប់ការបរិភោគ គ្រឿងស្រវឹង ដោយសារវាធ្វើអោយកើនឡើង កំរិតអាស៊ីតអៀរិក ដែលនាំអោយមាន កំណកដុំ។ ដូច្នេះ អ្នកប្រមឹកស្រា អាចមានជំងឺនេះ លាប់ឡើងវិញ ខ្លាំង ទោះបីមានការព្យាបាលជំងឺប្រគ្រីវក៏ដោយ។
ដោយសារតែអ្នកជំងឺ ប្រគ្រីវ ច្រើនតែមានជំងឺ ក្រិនសរសៃរឈាម (Atherosclerosis) អ្នកជំងឺគួរតែមានរបបអាហារ កូឡេស្តេរ៉ូល និង ខ្លាញ់ទៀប។
ការបន្ថយទំងន់ចំពោះអ្នកជំងឺធាត់ ក៏អាចជួយ កំរិតអាស៊ីតអៀរិកក្នុងឈាមដែរ។
សកម្មភាព
អ្នកជំងឺគួរតែមិនបាច់ធ្វើសកម្មភាពលើសន្លាក់ នៅពេលដែលឈឺ។ ក្រៅពីនេះ អ្នកជំងឺគួរតែមានសកម្មភាពធម្មតា។[1] ប្រតិកម្មជីវគីមីរបស់សារពាង្គកាយ
ជំងឺប្រគ្រីវ រឺ រឹងក្រញ៉ដៃ ក្រញ៉ជើង (Gout) ៖ ជំងឺដែលគួរអោយខ្លាច by SaidbyVann is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at saidbyvann.blogspot.com.
Permissions beyond the scope of this license may be available at http://saidbyvann.blogspot.com/2011/07/copyright.html.
No comments:
Post a Comment